ភ្នំពេញៈ អ្នករត់តាក់ស៊ីហៅម៉ូយមិនជិះរថយន្តទាញបំពុងទីបនាំគ្នាព្រួតវាយអ្នកដំណើរបណ្តាលអោយបុរសម្នាក់រងរបួស ចំណែកអ្នកបង្កបានរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង១៥នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវ២១៧ ម្តុំស្ពានដែកចំការដូង ភូមិមល័សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ជន សាវ ភេទប្រុស អាយុ៣០ឆ្នាំ មានមុខរបរអ្នកលក់ដូរ ស្នាក់នៅឯខេត្តសៀមរាប បានមកលេងផ្ទះមិត្តភក្តិដែលនៅម្តុំកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បានរៀបរាប់ប្រាប់អោយដឹងថា មុនពេលកើតហេតុ ដោយរូបគាត់បានជិះម៉ូតូឌុបចេញពីផ្ទះមិត្តគាត់មករករថយន្តជិះដើម្បីត្រឡប់ទៅផ្ទះរបស់គាត់នៅឯខេត្តតាកែវ លុះមកដល់កន្លែងស្ពានដែកដែលសំបូរទៅដោយរថយន្តតាក់ស៊ីមិនទាន់និងបានចុះពីម៉ូតូផង ត្រូវក្រុមអ្នកដែលចាប់ម៉ូយបានរត់មកយកកាបូបអីវ៉ាន់គាត់យកទៅហើយគាត់បានរត់ទៅយកវិញដោយគាត់ថាមិនទាន់ជិះទេមួយសន្ទុះក្រោយមក ត្រូវក្រុមអ្នករត់តាក់ស៊ីបានមកព្រួតវាយគាត់ម៉ូយយ៉ាងចាស់ដៃហើយក៏នាំគ្នាបើករថយន្តគេចខ្លួនបាត់អស់។
ហើយរូបគាត់បានត្រឹមតែមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលដង្កោអោយជួយស្វែងរកក្រុមអ្នកបើករថយន្តរត់តាក់ស៊ីហៅម៉ូយប្រសេចប្រសាចតាមផ្លូវសាធារណៈដែលបានបង្ករបួសស្នាមមកលើរូបគាត់ដើម្បីចាត់តាមផ្លូវច្បាប់៕
មតិយោបល់