ព័ត៌មានសិល្បៈ និងកម្សាន្ត

លី ម៉ារីណា វិញ្ញាណ រាជ បុរី ចាប់ទាញជើងស្រស់ៗអោយឡើងឡាន ក្រោយខុសពាក្យសម្ដី

ក្រោយកិច្ចសម្ភាសន៍ផលិតករ និងតួសម្ដែងក្នុងរឿង«រាជបុរី Comeback» ដែលត្រូវបានផ្លាស់ចំណងជើងថា«នរណា Comeback » ព្រោះតែមានប្រតិកម្មពីគ្រួសារសព អ្នកនាងលី ម៉ារីណា ដែលជាពិធីការិនីក្នុងកម្មវិធី Komsan Talkshow បានអះអាងថាវិញ្ញាណរបស់លោក រាជ បុរី បានមកលងបន្លាចដល់អ្នកនាងពេញមួយយប់ថ្ងៃទី១៦ វិច្ឆិកា ដោយមិនអោយនាងបានសម្រាកនោះទេព្រោះតែខ្លាច។

អ្នកនាងថា មិនដែលបានជួបលោករាជ បុរី នៅតែខាងក្រៅនោះទេ ហើយក្នុងពេលដែលលោកបានស្លាប់ក៏មិនបានចូលរួមបុណ្យសពដែរ ប៉ុន្តែដោយសារតែអ្នកនាងចេះតែនិយាយលេងច្រើនពាក់ព័ន្ធនឹងលោករាជ បុរី ក្នុងកិច្ចសម្ភាសន៍ជាមួយលោកហួរ សុផល ដែលបានយកកម្រងជីវិតរបស់តារាចម្រៀងរូបនេះមកផលិតជាភាពយន្តខ្នាតធំដោយដាក់ចំណងជើងថា«នរណា Comeback» ទើបធ្វើអោយអ្នកនាងបានឃើញដោយផ្ទាល់តែម្ដង។

អ្នកនាងលី ម៉ារីណា និយាយថាអ្នកនាងមានអារម្មណ៍នៅភ័យមិនទាន់បាត់នោះទេ ដោយសារតែពេញមួយយប់ថ្ងៃទី១៦ វិច្ឆិកា គឺយប់ក្រោយចប់កិច្ចសម្ភាសន៍ជាមួយលោកហួរ សុផល ជុំវិញវិញ្ញាណលោករាជ បុរី នៅក្នុងកម្មវិធី Komsan Talkshow ឬកម្មវិធីកិច្ចសម្ភាសន៍តារាសិល្បៈ ដែលបានផ្ទាយផ្ទាល់លើផេកPost Komsan និងផ្សាយបន្តដោយផេក«គ្រួសារតារាកម្ពុជា»។ កិច្ចសម្ភាសន៍ត្រូវបានធ្វើឡើងស្របគ្នានឹងរឿង”នរណា Comeback” ដែលជារឿងពាក់ព័ន្ធនឹងហេតុការណ៍ក្រឡាប់រថយន្តរបស់ លោក រាជ បុរី ដំណើរការដាក់បញ្ចាំងតាមរោង តាំងពីថ្ងៃទី១៦ វិច្ឆិកា។ អ្នកនាងថាលោករាជ បុរី បានមកទាញអ្នកទម្លាក់ពីគ្រែដោយប្រាប់អ្នកណាថាមកឡើងឡានៗ ដោយអ្នកនាងប្រាប់ថាការលងបន្លាចរបស់លោករាជ បុរី មិនមែនជាការយល់សប្ដិនោះទេ គឺគឺមកស្រស់ៗតែម្ដង។

អ្នកនាងថាអ្នកនាងស្ថិតនៅលើគ្រែហើយទោះជាប្រឹងស្រវាយកខ្សែព្រះនៅក្បាលដំណេកក៏យកមិនបាននោះទេ ហើយអ្នកនាងចង់ស្រែកយ៉ាងណាក៏ស្រែកមិនចង់រួចដែរ ដោយសារតែវិញ្ញាណរបស់លោករាជ បុរី មកទាញចុះពីគ្រែដោយអះអាងថាទៅឡើងឡានៗជាមួយគេ។ អ្នកនាងថាជាការសំណាងណាស់ដែលអ្នកនាងប្រឹងប្រវេប្រវាហើយស្រែកហៅប្ដីបានតិចរហូតធ្វើអោយប្ដីភ្ញាក់ ហើយបើប្ដីកុំស្ទុះបើកភ្លើងទាន់ប្រហែលមិនដឹងថាអ្នកនាងយ៉ាងណានោះទេ។ អ្នកនាងខ្លួនអ្នកនាងត្រូវបានវិញ្ញាណលោករាជ បុរី ទាញទម្លាក់បានពាក់កណ្ដាលពីគ្រែ ហើយអ្នកនាងភិតភ័យដល់ថ្នាក់ចង់ឈឺនៅព្រឹកថ្ងៃទី១៧ វិច្ឆិកានេះ ដោយសារតែនៅចងចាំរឿងរ៉ាវដែលបានឃើញនោះមិនទាន់បាត់។

អ្នកនាងថាក្នុងពេលសម្ភាសន៍លោកហួរ សុផល អ្នកនាងបានជជីកដេញដោលពីលោកហួរ សុផលច្រើនថា ថីបានស្លាប់ ហើយក្រោយពេលស្លាប់តើវិញ្ញាណរបស់លោកមកបន្លាចយ៉ាងមិចខ្លះ ហើយប្រហែលមកពីអ្នកនាងភ្លាត់មាត់និយាយថា បើវិញ្ញាណលោករាជ បុរី នៅមែន ដឹងតែមកលេងនាងហើយចឹង! ក៏ស្រាប់តែឃើញមែនទែន។ អ្នកនាងថាវិញ្ញាណលោករាជ បុរី គឺមកស្រស់មិនខុសគ្នាពីមុខមាត់ដែលបានបង្ហាញនៅក្នុងវីដេអូកិច្ចសម្ភាសន៍នោះទេ ដោយអ្នកនាងបានអះអាងថាមិនដែលចេះខ្លាចវិញ្ញាណអ្នកណាដូចអ្វីដែលអ្នកនាងបានជួបកាលពីយប់មិញទេ។ អ្នកនាងថាក្រោយជួបហេតុការណ៍នោះអ្នកនាងអត់ហ៊ានបិទភ្លើងទេ ហើយអ្នកនាងក៏បានអុជធូបសុំខមាលទោសនូវពាក្យសម្ដីខុសឆ្គងផងដែរដោយសារតែមិនចង់អោយជួបហេតុការណ៍ចម្លែកនោះដដែលទៀត។ អ្នកនាងជារឿងគួរអោយខ្លាចណាស់ដែលគ្រាន់តែបិទភ្នែកភ្លែតក៏ឃើញលោករាជ បុរី តែម្ដងគឺមកក្នុងសភាពដូចជាមិនសប្បាយចិត្តផង ហើយមកចាប់ទាញដៃ និងអូសជើងអ្នកនាងអោយឡើងឡានជាមួយ៕

មតិយោបល់