ព័ត៌មានសិល្បៈ និងកម្សាន្ត

តួអង្គខ្មោចក្នុងរឿង”សសរកន្លោង” បន្តបំភ័យមហាជន

យោងតាមទិន្នន័យពីខាងរោងកុន Legend, Major និងរោងកុនទំនើបផ្សេងទៀតនៅតែអះអាងថាភាពយន្តខ្មែររឿង«សសរកន្លោង»បន្តឈរនៅលំដាប់កំពូលក្នុងចំណោមសំបូរអ្នកទិញសំបុត្រទស្សនាជាងគេនៅសប្ដាហ៍នេះ។ ផលិតករ និងដៃគូក្នុងការផលិតបានបង្ហាញនូវអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងដោយសារតែភាពយន្តនេះនៅតែបន្តនាំមុខភាពយន្តបរទេសនៅតាមរោងកុន ក្នុងពេលដែលក្ដីរំពឹងមុនពេលដាក់បញ្ចាំងគឺមិនហ៊ានរំពឹងថាខ្លាំងដល់ម្លឹង។

លោក ចេង វណ្ណា ម្ចាស់ហាងវីហ្វ្រេន និងជាដៃគូភាគហ៊ុនក្នុងរឿង«សសរកន្លោង»បានអះអាងថាគិតមកត្រឹមថ្ងៃទី១៧ វិច្ឆិកា ភាពយន្តរឿងនេះនៅតែមានអ្នកទស្សនាច្រើនៗ ដោយខាងរោងកុននៅបន្តទុកម៉ោងល្អដើម្បីលក់សំបុត្រនោះផង បើទោះជាភាពជាក់ស្ដែងគឺខាងរោងកុនរមែងមានយុទ្ធសាស្រ្តកាត់ម៉ោងសម្រាប់រឿងខ្មែរចោលអោយតែរាងធ្លាក់ភ្ញៀវតែបន្តិចដើម្បីដាក់រឿងបរទេស។ លោកថានៅមិនទាន់ដឹងថាភាពយន្តរឿង«សសរកន្លោង»ប្រមូលបានភ្ញៀវប៉ុន្មានអោយច្បាស់លាស់ទេ ប៉ុន្តែស្ថិតិនៅតាមរោងកុននៅតែមានអ្នកទស្សនាពេញៗ ជាពិសេសម៉ោងដែលបានបញ្ចាំងក្នុងពេលល្អៗដែលជាម៉ោងទំនេររបស់អ្នកចូលចិត្តដើរផ្សារ។

លោកថាភាពយន្តនេះប្រមូលបានអ្នកទស្សនាដល់ខ្ទង់ម៉ឺននាក់ហើយ ដោយលោករំពឹងថាយ៉ាងហោចណាស់ក៏ទទួលបានប្រាក់ចំណូលមិនក្រោម៣០ម៉ឺនដុល្លារនោះទេ ដោយសារសម្អាងថាកាលពីផលិតកម្មឥន្ទ្រានិមិត្តដាក់បញ្ចាំងរឿង«កំណត់ហេតុនាងនាថ!» ក៏ទទួលបានប្រាក់ចំណូលរហូតដល់៣០ម៉ឺនដុល្លារម្ដងហើយ។ លោកថាភាពយន្តនឹងក្លាយជាភាពយន្តជោគជ័យទី២បន្ទាប់ពីរឿង«កំណត់ហេតុនាងនាថ»ប៉ុន្តែនៅមិនទាន់ថានឹងបន្តផលិតសម្រាប់ស្នាដៃទី៣នោះទេ ដោយសារតែផលិតករសំខាន់គឺរ៉ូណាន់ ដែលជាអ្នកនិពន្ធ និងជាអ្នកដឹកប្រកាសសុំផ្អាក។ លោកថាផលិតកម្មនៅតែប្រើយុទ្ធសាស្រ្តតែងខ្មោចទៅបន្លាចក្នុងរោងទើបធ្វើអោយភាពយន្តរឿង«សសរកន្លោង»នៅតែមានអ្នកមើលកុះករ ដោយលោកបានហៅយុទ្ធសាស្រ្តដែលបានតែងតួទៅបង្កប់នៅក្នុងរោងកុនថាជាការពញាក់អារម្មណ៍អ្នកទស្សនាអោយកាន់តែភ្ញាក់ពិតៗក្រោយពីបានឃើញខ្មោចនៅលើអេក្រង់នោះផង។

លោកថាភាពយន្តរឿង«សសរកន្លោង»បើនៅតែបន្តទទួលបានអ្នកទស្សនាភ្លូកទឹកភ្លូកដីដូចក្នុងពេលនេះ គឺនៅមិនទាន់ច្បាស់ពីការកាត់បន្ថយម៉ោងបញ្ចាំង ឬលើកផ្លាកចេញនោះទេ ដើម្បីអោយអ្នកមិនទាន់បានទស្សនាមានឱកាសបានទស្សនាស្នាដៃកូនខ្មែរដែលត្រូវបានទទួលការគាំទ្រយ៉ាងពេញទំហឹងនេះ។ លោកអះអាងថាក្រោយការបញ្ចប់ជោគជ័យតាមរោងទំនើបក្នុងារាជធានីភ្នំពេញ និងខេត្តសៀមរាបជាដើម ភាពយន្តរឿង«សសរកន្លោង»នឹងបន្តយុទ្ធសាស្រ្តដាក់បញ្ចាំងនៅតាមបណ្ដាខេត្តបន្តទៀត ដោយការតម្រូវអោយតារាតែងតួជាខ្មោចដើរបន្លាចដល់កន្លែងទស្សនានៅក្នុងរោងកុន គឺនៅតែបន្ត។

យ៉ាងណាមិញ លោកថាការញញាក់របស់តួអង្គខ្មោចសំខាន់ៗមិនត្រូវបានធ្វើគ្រប់ម៉ោងគ្រប់ពេលនោះទេ គឺត្រូវបានជ្រើសរើសដោយមិនជូនដំណឹងមុនឡើយ ដើម្បីកុំអោយអ្នកទស្សនាដឹងខ្លួន៕

មតិយោបល់