ព័ត៌មានជាតិ

ឈ្លោះជាមួយប្រពន្ធ! ​ចាប់កូនស្រីអាយុ៨ខែគំរាមសម្លាប់ តែសមត្ថកិច្ចជួយរំដោះបានក្មេងមកវិញ

ភ្នំពេញៈ បុរសម្នាក់វ័យជាង៤០ឆ្នាំ សង្ស័យថាប្រើប្រាស់នូវសាធាតុញៀន កើតជម្លោះរវាងប្តីនិងប្រពន្ធ បែរជាចាប់កូនស្រីហើយដៃម្ខាងប្រដាប់ដោយកាំបិតប៉ុនប៉ងសម្លាប់កូនចោល គំរាមទាំងសមត្ថកិច្ចបើអ្នកណាចូលទៅជ្រៀតជ្រែករឿងរបស់គេ អស់រយៈពេលជាច្រើនម៉ោង ទីបំផុតកម្លាំងសមត្ថកិច្ចជួយរំដោះក្មេងស្រីបានរួចផុតពីកណ្តាប់ដៃឪពុកចិត្តតិរិច្ឆាន កាលពីវេលាម៉ោង៥ និង៣៩នាទីល្ងាច ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនល្មើសខាងលើ ឈ្មោះ សាំង វណ្ណី ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ មានប្រពន្ធឈ្មោះ នាង ភ័ស្ត អាយុ៣៨ឆ្នាំ មុខរបរលក់ខោអាវ តាមមុខរោងចក្រ មានស្រុកកំណើត ភូមិល្វេ ឃុំក្រាំងស្វាយ ស្រុកឈូក ខេត្តកំពត។

តាមការបកស្រាយស្រី្តជាប្រពន្ធបានឲ្យដឹងថា ខ្លួនរៀបការជាមួយបុរសខាងលើជាង៣ឆ្នាំមកហើយ ក្នុងរបរ លក់ខោអានៅតាមមុខរោងចក្រ មានកូនស្រីម្នាក់ អាយុ៨ខែ តែដោយសារការរស់នៅជាមួយគ្នា ប្តីតែងតែប្រើអំពើហិង្សា ផឹកស្រវឹងរករឿង ចោទខ្លួនថាមានប្រុសឈ្មោល គ្មានហេតុផល មួយថ្ងៃៗ ដើរដឹកខោអាវលក់តាមរោងចក្រ ទីប្រជុំជន រកប្រាក់ចំណូលចិញ្ចឹមគ្រួសារ កូន បែរជាប្តីចោទវាយធ្វើបាបឥតប្រណី ថាមានសាហាយទៅវិញ ។ ដោយទ្រាំនូវទារុណកម្ម ទាំងផ្លូវចិត្ត ទាំងផ្លូវកាយ លែងបានសាច់ញាតិឲ្យចាកចេញ ទៅស្នាក់អាស្រ័យផ្ទះបងប្អូនមួយរយៈ លុះមកដល់រសៀលថ្ងៃទី១៧ ខែវិច្ឆិកានេះ ទឹកចិត្តប្រពន្ធ ក្រោយពីប្តីចិត្តខ្មៅ ហៅផ្តាំឲ្យយកកូនមកលេង មិនដឹងមានគម្រោងផែនការ រៀបគ្រោងទុកពីពេលណា លុះមកដល់ បានកូនដល់ដៃហើយ បែរជាបង្កបញ្ហាឈ្លោះរករឿងប្រពន្ធ គំរាមប៉ុនប៉ងសម្លាប់កូនស្រីចោល កាលបើមានអ្នកមកឈឺឆ្អាល ស្រែកឡូឡាពេញភូមិ ។

ហេតុការណ៍ខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងចុះទៅអន្តរាគមន៍ ប្រើគ្រប់វិធីសាស្រ្ត ដើម្បីរំដោះក្មេងចេញ អស់រយៈពេលជាច្រើនម៉ោង គំរាមទាំងអ្នកសារព័ត៌មាន ទីបំផុតពេលជនល្មើសអង្គុយភ្លេចខ្លួន ត្រូវបានកម្លាំងប៉ូលិស ស្ទុះចាប់គ្រៀក ជនសង្ស័យព្យាយាមច្របាច់កកូនស្រីបម្រុងសម្លាប់ចោល តែមិនបានសម្រេច កម្លាំងនគរបាល ប្រតាយប្រតប់ដណ្តើមយកកូនស្រីចេញពីកណ្តាប់ដៃ ឪពុកចិត្តតិរិច្ឆានរួចផុតពីគ្រោះថ្នាក់។

តាមសម្តីជនដៃដល់វិញ បានឲ្យដឹងថា ប្រពន្ធខ្លួនមានសាហាយ ទើបរូបគេខឹង ប៉ុនប៉ងសម្លាប់ចោលទាំងម្តាយ ទាំងកូន គំរាមទាំងប៉ូលិសកាលបើចូលមកជួយ រូបគេសុខចិត្តប្តូរជីវិត។

តាមប្រជាពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា ជម្លោះរវាងប្តីប្រពន្ធសោះ មិនគួរណា ប្តីចាប់កូនស្រីមិនដឹងអីមកធ្វើជាចំណាប់ខ្មាំង ប៉ុនប៉ងសម្លាប់កូនស្រីចោលទៅវិញ ដូចជាសាហាវហួស សំណាងហើយត្រូវបានកម្លាំងសមត្ថកិច្ច ជួយអន្តរាគមន៍ រំដោះក្មេង បានរួចពីកណ្តាប់ដៃ ឪពុកគ្មានក្តីមេត្តា ករុណាធម៌ ខឹងសម្លាប់ម្តាយមិនបានមកប៉ងសម្លាប់កូនខ្លួនឯង មិនដឹងអីទៅវិញ គំរាមកមកលើសមត្ថកិច្ច យកឧបករណ៍ម្យ៉ាង បម្រុងចុចឲ្យផ្ទុះ តែមិនបានសម្រេច ប៉ូលិសចាប់គ្រៀកបានមុន។

ក្រោយពីចាប់ខ្លួនជនល្មើសបាន កូន និងប្រពន្ធរងគ្រោះ ក៏រួចផុតពីគ្រោះថ្នាក់ ប៉ូលិសចាប់វាយខ្នោះ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

មតិយោបល់