ព័ត៌មានជាតិ

អ្នកទោសម្នាក់ រត់ចុះពីលើរថយន្តសមត្ថកិច្ចខណ្ឌច្បារអំពៅ ដែលត្រូវបញ្ជូនខ្លួនទៅពន្ធនាគារព្រៃស!

ភ្នំពេញៈ អ្នកទោសម្នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌខណ្ឌច្បារអំពៅ ធ្វើការឃាត់ខ្លួនហើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញហើយតុលាការក៏ចេញដីកាសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ខណៈដែលកម្លាំងព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានបញ្ជូនអ្នកទោសចំនួន៥នាក់ ដែលតុលាការសម្រេចឃុំខ្លួន។ លុះដល់ពាក់កណ្តាលផ្លូវនៅចំណុចផ្លូវ៣៧១ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ អ្នកទោសម្នាក់ក្នុងចំណោមអ្នកទោស៥នាក់ បានចុះពីលើរថយន្តទាំងដៃជាប់ខ្នោះរត់ចូលទៅក្នុងគុម្ពព្រៃបាត់ស្រមោលឈឹង កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយភ្លាមៗនោះដែរ កម្លាំងនគរបាលខណ្ឌមានជ័យ ក៏បានជួយសហការអន្តរាគមន៏ធ្វើការរុករកនិងឡោមព័ទ្ធនៅចំណុចគុម្ពព្រៃនេះដែរ តែសំណាងល្អរបស់អ្នកទោសខាងលើនេះដែលអាចគេចខ្លួនពីសមត្ថកិច្ចបានទាំងដៃជាប់ខ្នោះ។

គួរបញ្ជាក់ផងដែរថា នេះជាលើកទី២ហើយដែលមានអ្នកទោសនិងជនសង្ស័យបានរត់ចុះពីរថយន្តរបស់សមត្ថកិច្ចនៅសង្កាត់ស្ទឹងមានជយ័ ខណ្ឌមានជ័យ លើកទី១ជនសង្ស័យមុខសញ្ញាឆក់និងប្លន់ដែលសមត្ថកិច្ចនគរបាលខណ្ឌដង្កោឃាត់ខ្លួនបាន ហើយបញ្ជូនទៅសាកសួរនៅតុលាការដល់ពាក់កណ្តាលផ្លូវ ជនសង្ស័យបានបើកទ្វាររថយន្តរត់ចុះគេចខ្លួនបាត់ដោយសុវត្ថភាពរហូតដល់សព្វថ្ងៃនេះ។ ហើយនេះជាលើកទី២ហើយដែលអ្នកទោសដែលតុលាការសម្រេចឃុំខ្លួននៅគុកព្រៃសដែលកម្លាំងព្រហ្មទណ្ឌខណ្ឌច្បារអំពៅបញ្ជូនទៅឃុំខ្លួនបានរត់គេចខ្លួនបានសម្រេចជាលើកទី២នៅទឹកដីខណ្ឌមានជ័យ៕

មតិយោបល់