ព័ត៌មានជាតិ

ផ្លោះរបងចូលផ្ទះពលរដ្ឋ បម្រុងលួចទ្រព្យសម្បត្តិ តែមិនបានសម្រេច ត្រូវសមត្ថកិច្ចចាប់ម្នាក់រត់គេចបាត់២នាក់

ភ្នំពេញៈ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួកប្រុសស្រី៣នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពផ្លោះរបង ចូលលួចទ្រព្យសម្បត្តិផ្ទះប្រជាពលរដ្ឋ តែមិនបានសម្រេច បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩ និង១៥នាទីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះវីឡាស្តុបទំនិញមួយកន្លែង ទល់មុខធនាគារជាតិ ស្ថិតតាមបណ្ដោយផ្លូវហាណូយ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

បើតាមសម្តីពីស្ត្រីម្នាក់ ឈ្មោះ ធី តា អាយុ២៤ឆ្នាំ បានរៀបរាប់ឲ្យដឹងថា ផ្ទះកើតហេតុខាងលើ គឺជាកន្លែងសម្រាប់ទុកសម្ភារៈរបស់ក្រុមហ៊ុន ដែលមានគាត់ និងប្តីរួមជាមួយប្តីប្រពន្ធមួយគូទៀតជាបុគ្គលិក និងជាអ្នកស្នាក់នៅមើលការខុសត្រូវ នៅពេលយប់។

ប្រភពដដែលបន្តថានៅមុនពេលកើតហេតុ ផ្ទះខាងលើ គឺបានចាក់សោទុកចោល ដោយពួកគាត់បាននាំគ្នាចេញទៅលេងបាល់ ជាមួយមិត្តភក្តិ ដែលធ្វើការជាមួយគ្នា។ លុះដល់វេលាកើតហេតុ ខណៈដែលគាត់ និងប្តីរួមជាមួយនិងមិត្តភក្តិពីរនាក់ទៀត បានត្រលប់មកវិញ បម្រុងចូលទៅក្នុងផ្ទះ ស្រាប់តែឃើញជនសង្ស័យ កំពុងឈរកាន់ដំបងនៅខាងក្នុងផ្ទះ។

ភ្លាមៗនោះពួកគាត់ ក៏បានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីអោយចុះមកធ្វើការអន្តរាគមន៍ បន្ទាប់មកក៏មានកម្លាំងសមត្ថកិច្ច បានចុះមកធ្វើឡោមព័ទ្ធ និងចូលទៅធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា គេមានគ្នាចំនួន៣នាក់ (ប្រុស២និងស្រីម្នាក់) ដោយគេបានធ្វើសកម្មផ្លោះរបង ចូលមកក្នុងផ្ទះកើតហេតុ ជាមួយបក្ខពួកម្នាក់ទៀត ដែលជាអ្នកស្គាល់គ្នា តែមិនទាន់បានលួចទ្រព្យសម្បត្តិអ្វីទេ។ ចំណែកឯបក្ខពួកប្រុសស្រីពីរនាក់ទៀត បាននាំគេចខ្លួនចេញពីកន្លែង កើតហេតុបាត់អស់។

ក្រោយពេលកើតហេតុ ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចនាំខ្លួន យកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿង ចាត់ចាត់ការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់