តាកូម៉ាបុករម៉កកង់បីពេញទំហឹង បណ្ដាលបុរស២នាក់របួសធ្ងន់ នៅផ្លូវ៦០ម៉ែត្រ!

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រវាងរថយន្តនិងរម៉កកង់បី បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ស្រាល។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៩ និង៥៥នាទីយប់ ថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០១៧ នៅចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចាន់ ណេត ភេទប្រុសអាយុ២១ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ ចន្ទ្រា អាយុ១៩ឆ្នាំ ធ្វើការជាងវាយប៉ោត ស្នាក់នៅក្រុងតាខ្មៅ ខេត្ដកណ្ដាល។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ គេឃើញរម៉កកង់បី១គ្រឿង ពាក់ស្លាកលេខ1AA-6071 ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ដោយមានគ្នា២នាក់រួមទាំងដឹកគ្រែ ស្រាប់តែមានរថយន្ដ១គ្រឿង ម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ2U1127 ក្នុងទិសដៅស្របគ្នា លុះមកដល់ចំណុចកើតហេតុ ក៏បានបុករម៉កកង់បីពេលទំហឹង បណ្ដាលអោយបុរស២នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែង និងនាំយកមធ្យោបាយទាំង២គ្រឿងមករក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់