ភ្នំពេញៈ រថយន្តស្ទូចមួយគ្រឿង បានបើកលឿនជ្រុលបុកម៉ូតូស៊ុយសាគី ពេញទំហឹងបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៧និង២៥នាទី យប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅមុខវត្តកំបូល តាមបណ្តោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមាន ឈ្មោះ ប៊ន សុខឡៃ ភេទប្រុស អាយុ២១ឆ្នាំ មានស្រុកកំណើតនៅភូមិរកាធំ ឃុំជីរោទ៍ ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម។
មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះជិះម៉ូតូម៉ាកស៊ុយសាគី ហាយយ៉ាតេ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1A-9157 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តស្ទូច ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-2760 បើកបញ្ច្រាសទិសគ្នាក្នុងល្បឿនលឿន ជ្រុលបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ធ្ងរ ដឹកទៅមន្ទីរពេទ្យភ្លាមៗ តែអកុសលក៏ស្លាប់ពេលបញ្ចូនទៅដល់មន្ទីរពេទ្យ ទើបដឹកយកមកកន្លែងកើតហេតុវិញ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះមកធ្វើការវាស់វែង និងទំនាក់ទំនងទៅនគរបាលចរាចរណ៍ជើងគោកធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ។ ចំណែកសពជនរងគ្រោះត្រូវបានទំនាក់ទំនងទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕
https://youtu.be/QiIH0fQoAq8
មតិយោបល់