កណ្តាលៈ នារីម្នាក់បានរងរបួសធ្ងន់ ខណៈដែលជនល្មើសបានយកកាំបិតចាក់ចំថ្ពាល់ខាងស្តាំ បន្ទាប់ពីជនល្មើសខឹងប្តីរបស់ជនរងគ្រោះបានឈ្លោះជាមួយឪពុកជនល្មើសដោយសាររឿងព្រំដី។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុច មុខបន្ទប់ទឹក ស្ថិតនៅភូមិ ព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។
នគរបាលស្រុកស្អាងបានប្រាប់អោយដឹងថា ជនរងគ្រោះឈ្មោះ នុត សុខម៉េង ហៅស្រីស ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរ មេផ្ទះ មានទីលំនៅៗភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។ រីឯជនសង្ស័យ ឈ្មោះ ប៉ុន លីហួ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្សរៀនថ្នាក់ទី៨ មានទីលំនៅៗភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាលបញ្ជាក់ថា នៅថ្ងែទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោងកើតហេតុ ឈ្មោះ ប៉ុន លីហួ បានបាត់មាន់ឈ្មោល មួយក្បាល ក៏បានផ្លោះរបងរកមាន់នៅក្បែរផ្ទះរបស់ឈ្មោះនុត សុខម៉េង ដោយមានកាន់កាំបិតចិតបន្លែចំនួនមួយនៅដៃខាងឆ្វេង។ ពេលនោះឈ្មោះ ប៉ុន លីហួ រកមាន់ឃើញ ក៏ដើរត្រឡប់មកផ្ទះវិញ ជួបប្រទះឈ្មោះ នុត សុខម៉េង កំពុងបើកទ្វារចេញពីក្នុងបន្ទប់ទឹក(ភ្លើងអំពូលភ្លឺ) ភ្លាមនោះឈ្មោះប៉ុន លីហួ បានចាក់ឈ្មោះនុត សុខម៉េង ចំនួនមួយកាំបិត ត្រូវចំថ្ពាល់ខាងស្តាំ បណ្តាលឲ្យមានស្នាមមុតហូរឈាមយ៉ាងខ្លាំងដោយសារឈ្មោះប៉ុន លីហួ មានគំនុំនៅពេលដែលឈ្មោះប្រុស (ប្តី របស់ នុត សុខម៉េង)ឈ្លោះគ្នាជាមួយឈ្មោះនួន(ឪពុករបស់ខ្លួន)រឿងព្រំដីកន្លងមក។
ពេលធ្វើសកម្មភាពហើយឈ្មោះប៉ុន លីហួ បានផ្លោះរបងមកផ្ទះខ្លួនវិញ ដោយបានយកកាំបិត (វត្ថុតាង) យកទៅបោះចោលទៅក្នុងទឹកទន្លេបាត់ តែម្តង។
ចំណែកជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។
ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចនគរបាលស្រុកស្អាង បានទៅដល់កន្លែងកើតហេតុ ក៏ធ្វើការសាកសួរយកព័ត៌មាន បន្ទាប់មកឃាត់ខ្លួន ឈ្មោះប៉ុន លីហួ មកអធិការដ្ឋាននគរបាល ស្រុកស្អាង ដើម្បីបន្តអនុវត្តន៍តាមនីតិវិធី៕
មតិយោបល់