ព័ត៌មានជាតិ

សហរដ្ឋ​អាមេរិក​និងសម្ព័ន្ធមិត្ត​ កំពុង​តែ​ចោទប្រកាន់​​ប្រទេស​ចិន​ថា ​ដែលកំពុង​ជួល​អ្នក​លួច​ព័ត៌មាន​តាម​កុំព្យូទ័រ​

សហរដ្ឋ​អាមេរិក​និង​ប្រទេស​មួយ​ចំនួន​ទៀត​ កំពុង​តែ​ចោទប្រកាន់​ក្រសួង​សន្ដិសុខ​រដ្ឋ​របស់​ប្រទេស​ចិន​ថា ​កំពុង​ជួល​អ្នក​លួច​ព័ត៌មាន​តាម​កុំព្យូទ័រ​ដើម្បី​ធ្វើ​ប្រតិបត្តិការ​លួច​ព័ត៌មាន​លើ​កុំព្យូទ័រ​នៅ​ទូទាំង​សាកលលោក ដែល​ការណ៍​នេះ​ ផ្ដល់​ផលប្រយោជន៍​ដល់​អ្នក​លួច​ព័ត៌មាន​ដោយ​ផ្ទាល់។

សកម្មភាព​ទាំង​នោះ​រួមមាន​ទាំង​ប្រតិបត្តិការ​ជំរិត​ទារ​ប្រាក់​ពី​ក្រុមហ៊ុន​ឯកជន​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​បង់​ប្រាក់​រាប់​លាន​ដុល្លារ​ដើម្បី​ជា​ថ្នូរ​នឹង​ការណ៍​ដែល​អាច​ចូល​ទៅ​ប្រើប្រាស់​ទិន្នន័យ​របស់​ខ្លួន​វិញ​បាន។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមមន្ត្រី​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​ជាមួយ​នឹង​អង្គការ​អូតង់ សហភាព​អឺរ៉ុប ចក្រភព​អង់គ្លេស ជប៉ុន កាណាដា អូស្ត្រាលី និង​នូវែលហ្សេឡង់ កាល​ពី​ថ្ងៃ​ចន្ទម្សិលមិញ ​បាន​ស្តី​បន្ទោស​ចិន​ចំពោះ​ការ​លួច​យក​ព័ត៌មាន​តាម​កុំព្យូទ័រ​កាល​ពី​ខែ​មីនា ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​រាប់​ម៉ឺន​តាមរយៈ​កម្មវិធី Microsoft Exchange។

នេះ​ គឺ​ជា​ទម្រង់​មួយ​នៃ​ការ​លួច​ទិន្នន័យ​តាម​កុំព្យូទ័រ​ដែលម្ចាស់​ស្ថាប័ន​ដឹង​ពី​ការ​លួច​ទិន្នន័យ ប៉ុន្តែ​ពួកគេ​មិន​អាច​យក​ទិន្នន័យ​ទាំង​អស់​នោះ​ត្រឡប់​មក​វិញ​បាន។

ចិន​បាន​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ​ខ្លួន​មិន​បាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​ទាំងអស់​នោះ​ទេ៕

មតិយោបល់