កំពង់ធំៈ លោកឧត្តមសេនីយ៍ត្រី កែ ខាន់ណារ៉ា ស្នងការរងខេត្តកំពង់ធំទទួលផែនព្រហ្មទណ្ឌ បានប្រាប់Post Newsថា មានករណីហិង្សាក្នុងគ្រួសារ ដោយប្តីបានកាប់ប្រពន្ធ បណ្តាលឲ្យរបួសធ្ងន់ ហើយខណៈនោះប្តីក៏បានសម្រេចចិត្តចងកសម្លាប់ខ្លួនភ្លាមៗតែម្តង។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្រឡៅស្រោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
ជនរងគ្រោះជាប្រពន្ធឈ្មោះ ធួត ធឿង អាយុ៣១ឆ្នាំ និងជនបង្កជាប្តីឈ្មោះ សៅ ធុង អាយុ៣៤ឆ្នាំ ហើយទាំង២ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ កាលពីថ្ងៃខែឆ្នាំដដែល ជនបង្កជាប្តីបានផឹកស្រវឹង ក៏កាប់ប្រពន្ធបណ្តាលឲ្យរងរបួសស្មាខាងស្តាំជាទម្ងន់ ក្រោយពេលកាប់ប្រពន្ធរួច ខណៈនោះជនបង្កបានសម្រេចចិត្តធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងនៅក្នុងផ្ទះ លុះមកដល់វេលាម៉ោង១និង២០នាទីយប់ ឈានចូលថ្ងៃទី២០ ខែឆ្នាំដដែល ជនរងគ្រោះជាប្រពន្ធបានស្លាប់តាមក្រោយ ដោយសារជំងឺទាចទឹកប្រចាំកាយ។
លោកស្នងការរងខេត្តកំពង់ធំ បានបញ្ជាក់ពីមូលហេតុ ជនបង្កតែងស្រវឹងស្រាជាប្រចាំ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យ រួចបញ្ជូនសាកសពទៅក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់