ភ្នំពេញៈ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧នេះកម្លាំងសមត្ថកិច្ចការិយាល័យ ក១ នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានបញ្ជូន ខ្លួនបុរសជនជាតិនីហ្សេរីយ៉ា២នាក់ និងស្ត្រីខ្មែរម្នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនខុសច្បាប់ជាង ២គីឡូក្រាម។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន៖ ទី១ឈ្មោះ ONU ABEL MICHAEL ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិនីហ្សេរីយ៉ា (អ្នកបញ្ជា) , ទី២ឈ្មោះ OKEKE SABINUS CHIMANKPA ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា និងទី៣ឈ្មោះ មាស វាសនា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង ៣នាក់ខាងលើត្រូវបាន កម្លាំងសមត្ថកិច្ចការិយាល័យ ក១ នៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនកាលអំឡុងថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចមុខស្ថានីយ៍ប្រេងតេលា ផ្លូវលេខ១៧១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និងនៅចំណុច បន្ទប់ជួលលេខ២F១៨ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នៅក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្តកិច្ចជំនាញ បានដកហូត គ្រឿងញៀនប្រភេទអ៉ិចស្តាស៊ី (MDMA) ចំនួន ៥,០០៦គ្រាប់ មានទម្ងន់ សរុប ២,០៥៤.៣៨ក្រាម។
សមត្ថកិច្ចថា គ្រឿងញៀនទាំងអស់នោះត្រូវបាន ជនសង្ស័យនៅឯក្រៅប្រទេស ផ្ញើឲ្យជនសង្ស័យ ទាំង៣នាក់ខាងលើ ពីប្រទេស BELGIUM តាមរយៈបញ្ញើតាមជើងយន្តហោះ ហើយត្រូវ សមត្ថកិច្ច គយប្រចាំច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រកឃើញ និងសហការជាមួយសមត្ថកិច្ចជំនាញរបស់មន្ទីរ ស្រាវជ្រាវចាប់ខ្លួន ជនត្រូវចោទជាអ្នកទទួលតែម្តង៕
មតិយោបល់