អាល្លឺម៉ង់៖ក្រុមហ៊ុន Volkswagen ថ្លែងថា ខ្លួនគ្រោងនឹងចំណាយលុយប្រមាណ ៤០ ពាន់លានដុល្លារ សម្រាប់រយៈពេល ៥ ឆ្នាំ គឺចាប់ពី ២០១៨ ដល់ ២០២២ លើការអភិវឌ្ឍរថយន្តអគ្គីសនី បច្ចេកវិទ្យាស្វ័យបើកបរ និងបច្ចេកវិទ្យារួមផ្សំថ្មីៗដទៃផ្សេងទៀត។
ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ បានបង្ហើបប្រាប់ពីតួលេខថវិកានេះ នៅថ្ងៃសុក្រ ក្រោយពីប្រធានផ្នែកគ្រប់គ្រងរបស់ខ្លួនបានពិភាក្សាលើគម្រោងរបស់ក្រុមហ៊ុនសម្រាប់អនាគត ៥ ឆ្នាំបន្ទាប់។ ក្រុមហ៊ុនបានគូសបញ្ជាក់ថា ភាគច្រើននៃលុយទាំងនោះ នឹងយកទៅចាយវាយលើការអភិវឌ្ឍបច្ចេកវិទ្យា Hybrid និងអគ្គីសនី សម្រាប់ម៉ូឌែលរថយន្តម៉ាកផ្សេងៗរបស់ខ្លួន។
គួររំឭកថា Volkswagen កាលពីខែកញ្ញា បានប្រកាសពីយុទ្ធនាការរយៈពេលវែងមួយ ដែលថាខ្លួននឹងធ្វើបទឧទ្ទេសនាមរថយន្តអគ្គីសនីថ្មីចំនួន ៨០ គ្រឿង នៅ មុនឆ្នាំ ២០២៥។
នៅឆ្នាំ ២០៣០ ក្នុងចំណោមរថយន្តប្រមាណ ៣០០ ម៉ូឌែល ដែលមានម៉ាកសញ្ញាផ្សេងៗគ្នារបស់ខ្លួន ក្រុមហ៊ុនគ្រោង យ៉ាងហោចណាស់ នឹងផ្តល់នូវជម្រើសរថយន្តប្រភេទដើរដោយថាមពលអគ្គីសនីមួយសម្រាប់ម៉ូឌែលនីមួយៗផងដែរ រាប់បញ្ចូលទាំងរថយន្តម៉ាក Audi, Porsche, Seat, Skoda និង VW ដែលជាម៉ាករថយន្តស្នូលរបស់ខ្លួន៕
មតិយោបល់