ព័ត៌មានជាតិ

ស្រ្តីម្នាក់ជំពាក់លុយគេគ្មានលុយសង ទៅលួចម៉ូតូអ្នកដ៏ទៃទៅឲ្យម្ចាស់បំណុល ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: ស្រ្តីម្នាក់បានជំពាក់បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ចំនួនដើមតែ៣០ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែដោយសារតែអត់បានបង់ការយូរទៅ បានឡើងទាំងការទាំងដើមជិត២០០ដុល្លារ ចំណែកបុរសម្ចាស់បំណុល ដែលមានប្រើប្រាស់កាំភ្លើងផង តែងតែបានគំរាមកំហែងនាងជាបន្តបន្ទាប់។ ដោយខ្លាចមានបញ្ហាជាមួយម្ចាស់បណុលស្រ្តីខាងលើបានបែកគំនិតធ្វើសកម្មភាពលួចម៉ូតូ កម្មកររោងចក្រកាត់ដេរជាមួយគ្នា រួចបានយកទៅទុកនៅក្នុងបន្ទប់ផ្ទះជួលដែលខ្លួនស្នាក់នៅ ដើម្បីយកទៅឲ្យម្ចាស់បំណុលលក់យកលុយទូរទាត់គ្នា។ ប៉ុន្តែត្រូវបានម្ចាស់ម៉ូតូប្ដឹងនគរបាល ទើបនគរបាលឆែកមើលកាមេរ៉ាសុវត្ថិភាព ហើយបានដឹងនិងស្គាល់ថាស្រ្តីរូបនេះ ជាអ្នកលួចម៉ូតូនោះ ហើយម្ចាស់ម៉ូតូធ្វើការចាប់ខ្លួនបាន នាំទៅប្រគល់ជូននគរបាល ហើយនគរបាលបាននាំទៅឆែកបន្ទប់ជួលរកឃើញម៉ូតូនោះវិញ។

ហេតុការណ៍បានកើតឡើង កាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅក្នុងរោងចក្រកាត់ដេរយីហោ ស៊ុន អ៊ិន ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្រ្តីដែលជាជនសង្ស័យខាងលើនោះឈ្មោះ ឆាំ ឆវិន អាយុ២០ឆ្នាំ មុខរបរ ជាកម្មការិនី ដែលទើបចូលធ្វើការ នៅក្នុងរោងចក្រកាត់ដេរមួយនោះ រយ:ពេល៥ថ្ងៃប៉ុណ្ណោះ និងស្នាក់នៅជិតវត្តជុំ ស្ថិតនៅក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ នាងបានបែកគំនិតលួចម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GJ-0913 ដែលជាកម្មសិទ្ធិរបស់បុរសម្នាក់ឈ្មោះ សាន់ ពុទ្ធា អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រខាងលើ ស្នាក់នៅផ្ទះជួល ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា នៅមុនពេលជនរងគ្រោះបានជិះម៉ូតូទៅធ្វើការរោងចក្រខាងលើ ដោយពេលទៅដល់បានទុកម៉ូតូនៅក្នុងរោងក្នុងបរិវេណរោងចក្រនោះ បន្ទាប់មកក៏ត្រូវបានស្រ្តីដែលជាជនសង្ស័យធ្វើសកម្មភាពលួចជិះចេញទៅបាត់ស្រមោល ដោយគ្មាននរណាម្នាក់បានដឹងឡើយ។ ក្រោយលួចបានស្រ្តីរូបនេះបានយកទៅលាក់ទុកនៅក្នុងបន្ទប់ជួលរបស់ខ្លួន ចំណែកម្ចាស់ម៉ូតូក្រោយពីដឹងថាបាត់ម៉ូតូ ក៏បានប្ដឹងនគរបាលឲ្យជួយ ហើយនគរបាលប៉ុស្ដិ៍សំរោងក្រោម បានចុះទៅឆែកកាមេរ៉ាសុវត្ថិភាពទើបដឹងថាស្រ្តីខាងលើជអ្នកលួច។ លុះដល់ព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ម្ចាស់ម៉ូតូបានរកឃើញស្រ្តីនោះ ក៏ឃាត់ខ្លួនប្រគល់ជូននគរបាល ហើយរហូតដល់វេលាម៉ោង២និង៤០នាទីរសៀលថ្ងៃដដែលទើបកម្លាំងនាំស្រ្តីសង្ស័យទៅឆែកបន្ទប់រកឃើញម៉ូតូនោះមែន។

ប្រភពដដែលបានបន្តទៀតថា ក្រោយពេលចាប់ខ្លួនស្រ្តីនោះបានសារភាពថា ខ្លួនបានជំពាក់បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ចំនួនដើមតែ៣០ម៉ឺនរៀលប៉ុណ្ណោះ ប៉ុន្តែដោយសារតែអត់បានបង់ការយូរទៅ បានឡើងទាំងការទាំងដើមជិត២០០ដុល្លារ ចំណែកបុរសម្ចាស់បំណុល ដែលមានប្រើប្រាស់កាំភ្លើងផង តែងតែបានគំរាមកំហែងនាងជាបន្តបន្ទាប់។ និងបានបង្ខំឲ្យនាងលួចម៉ូតញ១គ្រឿងខាងលើ ហើយដោយខ្លាចមានបញ្ហាជាមួយម្ចាស់បណុលបាញ់សម្លាប់ ទើបនាងដាច់ចិត្តធ្វើសកម្មភាពលួចម៉ូតូនោះ រួចបានយកទៅទុកនៅក្នុងបន្ទប់ផ្ទះជួលដែលខ្លួនស្នាក់នៅ ដើម្បីយកទៅឲ្យម្ចាស់បំណុលលក់យកលុយទូរទាត់គ្នា ប៉ុន្តែទីបំផុតត្រូវនគរបាលនិងម្ចាស់ម៉ូតូចាប់ខ្លួនបែបនេះតែម្ដង។

ក្រោយពេលសួរនាំដឹងរឿងកម្លាំងនគរបាល ព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

មតិយោបល់