ព័ត៌មានជាតិ

រថយន្តក្រុងក្រុមហ៊ុន ខេអេសអូ (KSO) បុករថយន្តសំរាមក្រុមហ៊ុនសុីនទ្រី ខ្ទេចយ៉ាងដំណំ

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងរថយន្តដឹកអ្នកដំណើរក្រុមហ៊ុន ខេអេសអូ​ (KSO) បុករថយន្តសំរាមក្រុមហ៊ុនសុីនទ្រីពីក្រោយពេញទំហឹង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៧និង៤០នាទី យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ៥៩៨ មុខអីុហ្គារាស់ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញរថយន្តក្រុងដឹកអ្នកដំណើររបស់ក្រុមហ៊ុន ខេអេសអូ មួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3B-6976 បានដឹកអ្នកដំណើរចេញពីខេត្តបន្ទាយមានជយ័ បំណងចូលក្រុងភ្នំពេញ បើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅបុករថយន្តសំរាមរបស់ក្រុមហ៊ុនសុីនទ្រីកំពុងឈប់ចតនៅលើដងផ្លូវដើម្បីដាក់សំរាម ចំពីក្រោយខាងឆ្វេងពេញទំហឹង បណ្តាលឲ្យរថយន្តសំរាមស៊ីនទ្រី រុញទៅមុខប្រមាណជាង១០ម៉ែត្រ។ ចំណែករថយន្តបង្កមិនទាន់អស់ល្បឿនបានជ្រុលទៅមុខប្រមាណជាង៣០ម៉ែត្រ ទើបទៅមុខលេងរួច ភ្លាមៗនោះតៃកុងរថយន្តក្រុងបានបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកអ្នកដំណើរចេញពីក្នុងរថយន្តយ៉ាងប្រសេចប្រសាច បង្កឲ្យមានអ្នកដំណើរម្នាក់ រងរបួសជើងម្ខាង។ ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខយ៉ាងដំណំ ឯរថយន្តរងគ្រោះខូចខាតផ្នែកខាងក្រោយខាងឆ្វេងយ៉ាងដំណំដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាលយ័ចរាចរណ័ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់