ព័ត៌មានជាតិ

សមត្ថកិច្ចឡោមពទ្ធ័ចាប់ ចោរឆក់ទូរសព្ទជនបរទេសបានចំនួន២នាក់ ក្នុងផ្ទះសំណាក់យីហោ«ពន្លឺរស្មីពេជ្រ» តាមរយ​ៈប្រពន្ធGPS

ភ្នំពេញ: កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌចម្ការមន បានឆ្មក់ចូលបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ២នាក់នៅក្នុងផ្ទះសំណាក់យីហោ «ពន្លឺរស្មីពេជ្រ» ក្រោយពីធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាក IPhone 6Plus ពីជនបរទេស តាមប្រព័ន្ធGPS។

ការបង្ក្រាបនេះគឺធ្វើឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណាក់យីហោ «ពន្លឺរស្មីពេជ្រ» តាមបណ្ដោយផ្លូវលេខ៣០៤ ក្នុងសង្កាត់អូរឡាំពិក ខណ្ឌចម្ការមន រាជធានីភ្នំពេញ។

ម្ចាស់រម៉កម៉ូតូកងបី ដែលដឹកជនបរទេសរងគ្រោះខាងលើបានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានដឹកជនរងគ្រោះប្រុសស្រីទាំង២នាក់ ពេលមកដល់ចំណុចផ្លូវលេខ១០៥ កែងផ្លូវលេខ៣៦០ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកប៊ីត ពណ៌ក្រហម និងមួយគ្រឿងទៀតមិនចាំម៉ាក មកពីក្រោយធ្វើសកម្មភាពឆក់ទូរសព្ទពីជនបរទេសប្រុសស្រី២នាក់ បានសម្រេចហើយជិះគេចខ្លួនដោយសុវត្ថិភាព ហើយភ្លាមៗនោះ គាត់រាយការណ៍ប្រាប់សមត្ថកិច្ច និងឆែកតាមប្រព័ន្ធGPS ដែលជនរងគ្រោះភ្ជាប់ជាមួយទូរសព្ទដែលជនសង្ស័យឆក់យកទៅនោះ ក៏ឃើញឲ្យសញ្ញានៅក្នុងផ្ទះសំណាក់យីហោ «ពន្លឺរស្មីពេជ្រ» ទើបសមត្ថកិច្ចធ្វើការឡោមព័ទ្ធចាប់ជនសង្ស័យទាំង២នាក់ កំពុងសម្ងំជក់គ្រឿងញៀននៅក្នុងផ្ទះសំណាក់នេះតែម្ដង។

ក្រោយពីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីកសាងសំណុំរឿងបញ្ជូលទៅតុលាការចាត់តាមវិតិនិធីនៃច្បាប់៕

មតិយោបល់