បន្ទាយមានជ័យៈ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៨ នៅចំណុចផ្ទះសំណាក់ឈៀនទាវ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការបង្រ្កាបករណីហិង្សាដោយចេតនា និងឃាត់ខ្លួនជនសង្ស័យម្នាក់ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឲ្យដឹងថា ដោយយោងលើពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្នោះ ហាក់សីហា ភេទ ប្រុស អាយុ ៣៥ ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត លោកបានដឹកនាំកម្លាំងចុះអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ ឌឹម សុភ័ក្រ (ហៅ ផៃ) ភេទប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ដើម្បីយកមកសួរនាំពាក់ព័ន្ធលើអង្គហេតុខាងលើ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានទៅខ្ចីលុយជនសង្ស័យ ចំនួន៣០,០០០ បាត (បីម៉ឺនបាត) ដោយសារតែជនរងគ្រោះមានបញ្ហាយកលុយទៅសងមិនគ្រប់ទើបបណ្តាលឲ្យជនសង្ស័យខឹង ទើបរៀបចំផែនការហៅមិត្តភក្តិម្នាក់ទៀតទៅចាប់ជនរងគ្រោះគ្រៀកជាប់ហើយយកទុតវីសមុខស្រួច ទៅចាក់លើជនរងគ្រោះចំនួន២ទុរវីស និងដាល់ចំមុខជាច្រើនដៃបណ្តាលឲ្យរបួសធ្ងន់។ ចំណែកជនដៃដល់ម្នាក់ទៀតបានរត់គេចខ្លួនបាត់ បច្ចុប្បន្នកម្លាំងអាវុធហត្ថកំពុងស្រាវជ្រាវចាប់ខ្លួនបន្ត ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ឲ្យថា ក្រោយទទួលបានចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការបំភ្លឺរបស់ជនរងគ្រោះ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។
ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានចាត់តាំងមន្ត្រីជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានប្រាប់ឲ្យដឹងថា តាមចំលើយសារភាពរបស់ជនសង្ស័យ បានឆ្លើយនៅមុខអាវុធហត្ថ ថាខ្លួននិងមិត្តភក្តិម្នាក់ទៀតពិតជាបានព្រួតដៃគ្នាចាប់គ្រៀកជនរងគ្រោះហើយបានយកទុលល្វីសចាក់ទៅលើជនរងគ្រោះពិតប្រាកដមែន ដោយសារជនរងគ្រោះខ្ចីលុយខ្លួនស្រួលហើយយកមកសងវិញពិបាក សងមិនគ្រប់ ទើបខ្លួនខឹងបណ្តាលអោយផ្ទុះហិង្សាកើតឡើង ។
ផ្អែកតាមចម្លើយរបស់ជនសង្ស័យ និងដោយយោងលើកំណត់ហេតុរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានបញ្ជាក់អោយឃើញមានភាពស៊ីសង្វាក់គ្នាលើអង្គហេតុ និងបង្ហាញពីតម្រុយនៃបទល្មើស ដូច្នេះជនសង្ស័យអាចត្រូវចោទប្រកាន់ពីបទប្រព្រឹត្តអំពើហិង្សាដោយចេតនា មានទម្ងន់ស្ថានទោស កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីចាត់ការទៅតាមនីតិវិធី ៕
មតិយោបល់