បន្ទាយមានជ័យៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាងរថយន្ត និងរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ និងខូចខាតរថយន្តធ្ងន់ធ្ងរ។
ករណីខាងលើនេះ បានកើតឡើង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចមុខចំណតរថយន្តស៊ូជីង ស្ថិតនៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ម្ចាស់រថយន្តហ្វធូន័រ ឈ្មោះ ស៊ុ ប៉ូ ភេទប្រុស អាយុ៤៥ឆ្នាំ(របួសធ្ងន់) ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-5170 និងម្ចាស់រថយន្តយីឌុប មិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខកំពង់ធំ 3A-1160 ជាកម្មសិទ្ធរបស់ក្រុមហ៊ុនរាជសីហ៍ឡូសូស្ទីក។
ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តយីឌុប បើកស្របទិសគ្នាជាមួយរថយន្តហ្វធូន័រ លុះមកដល់ចំណុចកើតហេតុ រថយន្តយីឌុបបានព្យាយាមបត់ចូលឃ្លាំងរបស់ក្រុមហ៊ុនដើម្បីផ្ទេរទំនិញ ភ្លាមៗនោះក៏ត្រូវរថយន្តហ្វជូន័រ ដែលកំពុងបើកបានបុកថ្ពាល់ខាងស្តាំរថយន្តយីឌុប ពេញមួយទំហឹងបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរ ផ្នែកខាងមុខអស់មួយចំនួនធំ ចំណែកម្ចាស់រថយន្តហ្វធូន័រ បានរេចង្កូតធ្លាក់ប្រឡាយទឹក បណ្តាលឲ្យរងរបួសធ្ងន់ រីឯម្ចាស់រថយន្តយីឌុប បានគេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងទាំង២គ្រឿងមករក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីធ្វើការដោះស្រាយបន្តតាមផ្លូវច្បាប់៕
មតិយោបល់