យោងតាមរបាយការណ៍ពី China Economic Daily បានឱ្យដឹងថា ក្រុមហ៊ុន Apple មិនទាន់បោះបង់សែស្រឡាយ iPhone រាងតូចច្រឡឹង ត្រកូល SE របស់ខ្លួននៅឡើយទេ ហើយថាជំនាន់ថ្មីរបស់វា នឹងចេញនៅខែកក្កដា ឆ្នាំក្រោយនេះហើយ។
ទូរសព្ទដៃ iPhone SE អេក្រង់ ៤ អីុញ ស៊េរីបច្ចុប្បន្ន ត្រូវបានក្រុមហ៊ុនអាមេរិកផលិតឡើងក្នុងគោលបំណងតម្រូវចិត្តអ្នកដែលនៅតែនិយមប្រើទូរសព្ទដែលមានទំហំតូច សមត្ថភាពខ្ពស់ ងាយស្រួលទុកដាក់ និងមានតម្លៃមធ្យម ត្រឹម ៣៤៩ ដុល្លារ ឡើង ហើយវត្តមានរបស់វានៅលើទីផ្សារ បង្ហាញឡើងនៅក្នុងខែមិនា កន្លងទៅនេះ។
យោងតាមប្រភពពី China Economic Daily ដដែល iPhone SE 2 ស៊េរីថ្មី នឹងមានតម្លៃប្រមាណ ៤៥០ ដុល្លារ ហើយវានៅតែបំពាក់អេក្រង់ទំហំ ៤ អីុញ ដូចជា SE សព្វថ្ងៃអីចឹងដែរ ហើយបើតាមMac Rumorsវានឹងប្រើប្រាស់បន្ទះឈីប A10 Fusion, RAM ទំហំ ២ ជីហ្គាបៃយ៍ មេម៉ូរីម៉ាស៊ីនទំហំ ៣២/១២៨ ជីហ្គាបៃយ៍ កាមេរ៉ាក្រោយ/មុខទំហំ ១២/៥ មេហ្គាភិចសែល និងថ្មថាមពល ១,៧០០ មីល្លីអំព៊ែរម៉ោង។
យ៉ាងណាក៏ដោយ ទាក់ទងទៅនឹងព័ត៌មាននេះ គេពុំទាន់ទទួលបានការអធិប្បាយពីក្រុមហ៊ុន Apple នៅឡើយទេ ពោលគឺវា ឋិតនៅត្រឹមជាព័ត៌មានចចាមអារ៉ាមប៉ុណ្ណោះ។ ដូច្នេះ ការពិតឬយ៉ាងណានោះ មានតែប្រិយមិត្តរង់ចាំតាមដានជាមួយ Post Tech បន្តនៅពេលក្រោយទៀត៕
មតិយោបល់