សៀមរាបៈ កាលពីវេលាម៉ោង ៣និង០០នាទី ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ មានស្រ្តីម្នាក់ដាច់ខ្យល់ស្លាប់បាត់បង់ជីវិត ខណៈពេលកំពុងព្យួរសេរ៉ូម ហេតុការណ៍នេះ ស្ថិតក្នុងភូមិអន្លង់ព្រីងលើ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
យោងតាមប្រភពពីលោក សុខ សុទ្ធាវុទ្ធ អធិការនគរបាលស្រុកជីក្រែង បានប្រាប់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លាង វន អាយុ ៤៧ឆ្នាំ រស់នៅភូមិតាគឹមលើ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
ប្រភពបន្តថា ជនរងគ្រោះបានទៅសម្រាកព្យាបាលនៅផ្ទះពេទ្យឈ្មោះ មិន វឌ្ឍណា ភេទស្រី អាយុ ៣១ឆ្នាំ ជាពេទ្យបម្រើការងារនៅមណ្ឌលសុខភាពជីក្រែង ដោយមើលទៅអ្នកជំងឺមានសភាពធ្ងន់ធ្ងរពេទ្យក៏បានដាក់សេរ៉ូមផ្អែមប្រៃឲ្យ លុះបន្តិចមកអ្នកជំងឺក៏ដាច់ខ្យល់ស្លាប់។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន រួមសហការណ៍ជាមួយនគរបាលបច្ចេកទេស និងលោកវេជ្ជបណ្ឌិត អ៊ិន ឆបឆរ័ត្ន គ្រូពេទ្យកោសល្យវិច័យ ចុះធ្វើការត្រួតពិនិត្យជាលទ្ធផលដូចខាងក្រោម៖
ករណីទី១/មិនមែនជារឿងឃាតកម្មទេ។ ករណីទី២/តាមការសន្និដ្ឋានរបស់គ្រូពេទ្យកោសល្យវិច័យជនរងគ្រោះស្លាប់ដោយសារ ជំងឺស្ទះសរសៃរឈាមចិញ្ចឹមបេះដូង។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចបានអះអាងថា គ្រូពេទ្យ បានប្រឹងប្រែងជួយសង្គ្រោះដែរ តែដោយជនរងគ្រោះមានសភាពធ្ងន់ធ្ងរពេក។
លោក សុខ សុទ្ធាវុទ្ធ បញ្ជាក់ថា៖ លោកនៅមិនទាន់ដឹងថា សាច់ញាតិជនរងគ្រោះ អាចប្ដឹងគ្រូពេទ្យ ឫយ៉ាងណានោះទេ ក្រោយពិនិត្យធ្វើកោសល្យវិច័យ រួចសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕



មតិយោបល់