ភ្នំពេញៈ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ បានបញ្ជូនខ្លួនជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពឆក់ទូរសព្ទជនបរទេសបានសម្រេច ឃាត់ខ្លួនបានតាមប្រព័ន្ធ GPS ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី ។
សមត្ថកិច្ចបានបញ្ជាក់ថា កាលពីវេលាម៉ោង ៨និង៤០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧កម្លាំងសមត្ថកិច្ចបានឆ្មក់ចូលបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីធ្វើសកម្មភាពឆក់ទូរសព្ទដៃម៉ាក IPhone 6plus មួយគ្រឿងពីជនជាតិបរទេសដោយឆែកតាមប្រព័ន្ធGPS នៅចំណុចផ្ទះសំណាក់យីហោ «ពន្លឺរស្មីពេជ្រ» តាមបណ្ដោយផ្លូវលេខ៣០៤ ក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន ដែលបានមកចូលសម្ងំលាក់ខ្លួននៅទីតាំងខាងលើ។
នៅមុនពេលកើតហេតុជនរងគ្រោះជាជនជាតិបរទេសប្រុសស្រី២នាក់បានជិះរម៉កកង់បីមកដល់ចំណុចផ្លូវលេខ១០៥កែងផ្លូវលេខ៣៦០ ស្រាប់តែមានជនសង្ស័យ២ជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់ទូរសព្ទដៃ ពីភ្ញៀវហើយគេចខ្លួនបាត់ ភ្លាមៗនោះរូបគាត់រាយការណ៍ប្រាប់សមត្ថកិច្ចនិងឆែកតាមប្រព័ន្ធGPSដែលជនរងគ្រោះភ្ជាប់ជាមួយទូរសព្ទដែលជនសង្ស័យឆក់យកទៅនោះក៏ឃើញឲ្យសញ្ញានៅក្នុងផ្ទះសំណាក់យីហោ «ពន្លឺរស្មីពេជ្រ»ទើបសមត្ថកិច្ចធ្វើការឡោមព័ទ្ធចាប់ជនសង្ស័យទាំង២នាក់បានតែម្ដង ៕
https://youtu.be/tiTicfw_E7U
មតិយោបល់