ព័ត៌មានជាតិ

រថយន្តបុកម៉ូតូបីគ្រឿង បណ្តាលឲ្យបុគ្គលិកក្រុមហ៊ុនផ្នែកទីផ្សារម្នាក់ស្លាប់ បន្សល់ទុកកូន២នាក់កំព្រា

កណ្ដាលៈ នៅថ្ងៃសៅរ៍ ៦កើត ខែស្រាពណ៌ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៥៩ នាទី ត្រង់ចំណុចភ្លើងស្តុបព្រែកហូរ លើផ្លូវជាតិលេខ២ កែងផ្លូវ១១៥ ស្ថិតនៅភូមិតាក្តុលត្បូង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ មានករណីគ្រោះថ្នាក់ចរារណ៍ រវាងម៉ូតូ០៣គ្រឿង និងរថយន្ត០១គ្រឿង បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន០៤នាក់ (បញ្ជូនដល់ពេទ្យស្លាប់ប្រុសម្នាក់ និងរបួសធ្ងន់០៣នាក់) ។

សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក HYUNDAI ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 3B-6360 បើកបរដោយឈ្មោះ យិន សុខជា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិអន្លង់ថ្ងាន់ ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត (ឃាត់ខ្លួន ) បើករថយន្តក្នុងទិសដៅ ពីលិចទៅកើតល្បឿនលឿន មកដល់ចំណុចកើតហេតុខាងលើ ដោយជាន់ហ្វ្រាំងមិនជាប់ ក៏បណ្តាលអោយទៅបុកម៉ូតូ ដែលនៅពីមុខចំនួន០៣គ្រឿងបន្តបន្ទាប់គ្នា (ទិសដៅពីលិចទៅកើត ស្របទិសគ្នា ) មានដូចខាងក្រោម៖

-ម៉ូតូទី១:ម៉ាក Suzuki viva ពណ៌ខ្មៅ ពាក់ស្លាក លេខកំពង់ ស្ពឺ 1B-6713 អ្នកបើកម៉ូតូមានឈ្មោះ ទូច ស៊ី បរិញ្ញា ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងប្រពន្ធរួមដំណើរពីក្រោយឈ្មោះ ណារ៉ុង ផល្លា ភេទស្រី អាយុ៤១ឆ្នាំ មានទីលំនៅជាមួយគ្នា (រងរបួសធ្ងន់ ) ចំណែកឯម៉ូតូទី២: ម៉ាក HONDA dream 125 ពណ៌ខ្មៅ ពាក់ស្លាក លេខកណ្ដាល 1V-4909 អ្នកបើកម៉ូតូមានឈ្មោះ ពៅ រតនា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល (របួសធ្ងន់ ) និងម៉ូតូទី៣:ម៉ាក HONDA wave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CA-2903 អ្នកបើកម៉ូតូ មានឈ្មោះ ផុន វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនមួយកន្លែងផ្នែកទីផ្សារ និងមានប្រពន្ធកូន ចំនួន០២នាក់ នៅក្នុងបន្ទុក មានទីលំនៅ ស្រុកចំការលើ ខេត្តកំពង់ចាម (ស្លាប់ពេលបញ្ជូន ដល់មន្ទីរពេទ្យ សម្ភពម៉ាលិស នៅខណ្ឌដង្កោ រាជធានី ភ្នំពេញ ) ។ ករណីនេះបណ្តាលឲ្យខូតខាតម៉ូតូធ្ងន់ចំនួន០៣គ្រឿង និងរថយន្តធ្ងន់ចំនួន០១គ្រឿង ) ។ ចំពោះមធ្យោបាយ ដែលពាក់ព័ន្ធ សមត្ថកិច្ចបានយកមករក្សាទុក ជាបណ្ដោះអាសន្ននៅអធិការដ្ឋាន នគរបាល ដើម្បីចាត់ការ បន្តតាមនីតិវិធី ។

មូលហេតុ៖ បណ្តាលមកពីអ្នកបើករថយន្ត មិនបានពិនិត្យលក្ខណ:បច្ចេកយានយន្ត អោយបានត្រឹមត្រូវ (ហ្វ្រាំង ) និងបើករថយន្ត មានល្បឿនលឿន ទើបជាន់ហ្វ្រាំងមិនជាប់ បណ្តាលអោយបុកម៉ូតូ នៅពីមុខបន្តបន្ទាប់តែម្តង ៕

មតិយោបល់