ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះលោក អ៉ី ឋាវរៈ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស លោក ឧកញ៉ា ប៊ុន ស៊ីថា រឿង ឆបោកប្រាក់ លោក លីម ឈាងហួរ ជាង ១លានដុល្លារ ដោយយកលុយទៅរត់ការធ្វើ ស.ជ.ណ ផ្ទេរដីរដ្ឋ ទៅជាដីឯកជន។
លោក ហោ លីណា ជាតំណាងអយ្យការបានចោទប្រកាន់ បានចោទប្រកាន់លោកឧកញ៉ា ប៊ុន ស៊ីថា ពីបទ ឆបោក យោងតាមមាត្រា ៣៧៧ និងមាត្រា ៣៧៨នៃក្រមព្រហ្មទណ្ឌ។
នៅក្នុងសវនាការលោក ឧកញ៉ា ប៊ុន ស៊ីថា សារភាពថា ខ្លួនបានលក់ដីមួយកន្លែងឲ្យទៅឈ្មោះ លីម ឈាងហួរ ក្នុងតម្លៃប្រហែល៤លានដុល្លារ ដោយទទួលបានលុយកក់ចំនួន ៩០ម៉ឺនដុល្លារមុន។
លោកបន្ដថា ដោយសារដីនោះ លោកបានយកទៅបញ្ចាំឲ្យគេ ៣០ម៉ឺនដុល្លារ និងលោកមិនអាចកាត់ឈ្មោះ ឲ្យភាគីលោក លីម ឈាងហួរ ទាន់ពេលទើប គេប្តឹងលោកដាក់គុកតែម្តង។
បើទោះជាលោក ហោ លីណា ជាតំណាងអយ្យការមិនឲ្យលោក ឧកញ៉ា ប៊ុន ស៊ីថា លើកអំពីរឿង រៀបចំ សុំស.ជ.ណ ក្តី ប៉ុន្តែលោកឧកញ៉ា ជាប់ចោទរូបនេះ បានបង្ហើបថា លុយ ៩០ម៉ឺនដុល្លារដែលលោកយកពីឈ្មោះ លីម ឈាងហួរ នោះ គឺលោកយកទៅរត់ការធ្វើ ស.ជ.ណ ដោះដូរដីរដ្ឋរួមមាន ដីការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យប្រឆាំងគ្រឿងញៀន និងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនរាជធានីភ្នំពេញ ដែលការិយាល័យទាំង៣នេះនៅក្នុងបរិវេណតែមួយ នៅម្តុំស្តុបកោសដូងក្នុងទឹកដីខណ្ឌទួលគោក។
លោក សេង ធារ៉ា ជាមេធាវីតំណាងដើមបណ្ដឹងឈ្មោះ លីម ឈាងហួរ បានប្តឹងទាមទារសំណងទាំងប្រាក់ដើម និងការប្រាក់ចំនួន ១.៨៩៩.០០០ដុល្លារ និងសំណងជំងឺចិត្ត ចំនួន ៥០ម៉ឺនដុល្លារ។
ទោះជាយ៉ាងណា តុលាការសម្រេចលើកពេលទៅប្រកាសសាលក្រមសំណុំរឿងនេះនៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ខាងមុខ៕
មតិយោបល់