ព័ត៌មានជាតិ

សហរដ្ឋអាមេរិក បង្ហាញក្ដីកង្វល់ជាថ្មី ចំពោះការសាងសង់មូលដ្ឋានមីស៊ីលក្រោមដីរបស់ចិន

 

(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណនៃក្រសួងការពារជាតិអាមេរិក និងក្រុមសមាជិកសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋ បានបង្ហាញការព្រួយបារម្ភជាខ្លាំង ចំពោះការពង្រឹងសមត្ថភាពកងកម្លាំងនុយក្លេអ៊ែររបស់ចិន បន្ទាប់ពីមានរបាយការណ៍ថ្មីមួយអះអាងថាទីក្រុងប៉េកាំងបាន និងកំពុងសាងសង់មូលដ្ឋានមីស៊ីលក្រោមដី ១១០ទីតាំងបន្ថែមទៀត។

របាយការណ៍ថ្មីមួយដែលត្រូវបានចេញផ្សាយដោយសហព័ន្ធអ្នកវិទ្យាសាស្ត្រអាមេរិក(American Federation of Scientists) នៅថ្ងៃចន្ទសប្ដាហ៍នេះបាននិយាយថា រូបភាពផ្កាយរណបជាច្រើនបានបង្ហាញថាចិនបាន និងកំពុងសាងសង់មូលដ្ឋានមីស៊ីលក្រោមដី នៅក្បែរតំបន់ Hami ស្ថិតនៅភាគខាងកើតតំបន់ស្វយ័ត Xinjiang។

របាយការណ៍ថ្មីនេះត្រូវបានចេញផ្សាយតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីក្រុមមន្ត្រីអាមេរិកអះអាងពីការសាងសង់ មូលដ្ឋានមីស៊ីលក្រោមដីរបស់ចិនជាង ១២០ទីតាំង នៅឯតំបន់វាលខ្សាច់ Yumen។

ក្រុមអ្នកវិភាគជាច្រើន បានវាយតម្លៃថាសហរដ្ឋអាមេរិកមានក្បាលគ្រាប់ នុយក្លេអ៊ែរជាង ៣,៨០០គ្រាប់ ហើយក្នុងនោះមាន ១,៣៥៧គ្រាប់ ត្រូវបានដាក់ពង្រាយរួចជាស្រេច គិតត្រឹមកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ៕

ប្រភព៖ AFP

 

មតិយោបល់