ភ្នំពេញៈ សមត្ថកិច្ចខណ្ឌសែនសុខចុះឆ្មក់និងបង្ក្រាបបន្ទប់ជួលមួយកន្លែងដែលបើកលេងល្បែងស៊ីសងខុសច្បាប់(អ្នកកត់កន្ទុយលេខ)និងធ្វើការឃាត់ខ្លួនបានមនុស្ស៣នាក់ក្នុងនោះស្ត្រីម្នាក់ជាមេនិង២នាក់ទៀតជាអ្នកជួយកត់។
ការចុះបង្ក្រាបនេះធ្វើឡើងកាលពីម៉ោង២និង៤០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅបន្ទប់ជួលផ្ទះលេខ៤អា ផ្លូវ១០០៧ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចបានប្រាប់ថាក្នុងចំណោមមនុស្សទាំង៣នាក់ដែលឃាត់ខ្លួននោះ ទី១ឈ្មោះ កែវ សុខឿន ភេទស្រី អាយុ៣៩ឆ្នាំ ស្នាក់នៅផ្ទះខាងលើ(ជាមេកត់ឆ្នោតវៀតណាម), ទី២ឈ្មោះ ហួត ដានី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរស៊ីឈ្នួលកត់ឆ្នោតអោយឈ្មោះ កែវ សុខឿន ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ និងទី៣ឈ្មោះ ភន សុភាព ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរស៊ីឈ្នួលកត់ឆ្នោតអោយឈ្មោះកែវ សុខឿន ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាក្រោយពីមានប្រជាពលរដ្ឋរាយការណ៍ពីទីតាំងល្បែងស៊ីសងខាងលើ(កត់ឆ្នោតវៀតណាមខុសច្បាប់)កម្លាំងព្រហ្មទណ្ឌខណ្ឌសែនសុខដឹកនាំដោយលោកវរសេនីយ៍ទោ
គួក សុខហួរ អធិការរងខណ្ឌទទួលផ្នែកព្រហ្មទណ្ឌនិងក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរខណ្ឌសែនសុខបានឲ្យលោកដឹកនាំកម្លាំងចុះទៅគោលដៅខាងលើនិងបង្ក្រាបឃាត់ខ្លួនជាក់ស្តែងបានមនុស្សប្រុសស្រី៣នាក់។ ដកហូតសម្ភារៈវត្ថុតាងក្រដាស់កត់ឆ្នោតមួយចំនួនធំ,លុយមួយចំនួននិងបាននាំយកមកសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកានៅពេលក្រោយ៕


មតិយោបល់