ក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជាចំនួន ៣ បានបង្ហាញពី សញ្ញាកើនឡើងនូវ ប្រាក់ចំណេញរបស់ខ្លួន គួរឲ្យកត់សម្គាល់នៅត្រីមាសទី៣ ក្នុងឆ្នាំ ២០១៧នេះ។
យោងតាមរបាយការណ៍ពីផ្សារហ៊ុនកម្ពុជា បានបង្ហាញថា កំពង់ផែស្វយ័តភ្នំពេញ ដែលចុះបញ្ជី ក្នុងផ្សារហ៊ុនកម្ពុជា ទទួលបានកំណើនប្រាក់ចំណូល និងប្រាក់ចំណេញសុទ្ធ កើនឡើងគួរឲ្យកត់សម្គាល់ នៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៧នេះ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំទៅ ដោយកំពង់ផែនេះ ទទួលបានប្រាក់ចំណូលសរុប ៥.៨លានដុល្លារ កើនឡើងជាង ២១ភាគរយ ពីចំនួន ៤.៨លានដុល្លារ កាលពីត្រីមាសទី ៣ ឆ្នាំ ២០១៦។
ជាមួយគ្នានេះ ប្រាក់ចំណេញសុទ្ធក្នុងអំឡុងពេលនេះ ទទួលបានសរុប ២.៣លានដុល្លារកើនឡើងជាង ៤៤ភាគរយពី ចំនួន ១.៦លានដុល្លារកាលពីឆ្នាំ ២០១៦។
សម្រាប់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលជាសួនឧស្សាហកម្មចុះបញ្ជី ក្នុងផ្សារហ៊ុនកម្ពុជាដែរនោះ ក៏បានបង្ហាញពី កំណើនទាំងប្រាក់ចំណូល និងប្រាក់ចំណេញដែរ ដោយក្នុងត្រីមាសទី ៣ ឆ្នាំ ២០១៧នេះ PPSEZ ទទួលបានចំណូលសរុបប្រមាណ ៣.៤លានដុល្លារ កើនឡើងជាង ២៣ភាគរយ ធៀបរយៈពេលដូចគ្នា កាលពីឆ្នាំទៅ ខណៈដែលចំណេញសុទ្ធក្រោយ ការបង់ពន្ធមាន ប្រមាណ ១.២លានដុល្លារ កើនឡើងជាង ២៨ភាគរយ។
រីឯ ក្រុមហ៊ុនហ្រ្គេនធ្វីនអ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី ទទួលបានប្រាក់ចំណេញសុទ្ធក្នុងអំឡុងពេលនេះ សរុប ៥២២១លានរៀល កើនឡើងជាង ២៣ភាគរយ។
ការបង្ហាញនូវការកើនឡើង នៃប្រាក់ចំណេញរបស់ ក្រុមហ៊ុនទាំង ៣ ក្នុងទីផ្សារមូលបត្រកម្ពុជា គឺជាផ្នែកមួយល្អដល់សេដ្ឋកិច្ចជាតិ ដែលស្តែងឡើងតាមរយៈ ការផ្តល់នូវឱកាសការងារ និងផ្តល់នូវទំនុកចិត្តកាន់តែច្រើន សម្រាប់អ្នកវិនិយោគឲ្យងាយស្រួល ក្នុងការកៀរ គរដើមទុនវិនិយោគបន្ថែម តាមផ្សារហ៊ុននេះ។
គួរបញ្ជាក់ដែរថា គិតមកដល់ពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនទាំងរដ្ឋ និងឯកជន ដែលបានចុះបញ្ជី នៅក្នុងទីផ្សារមូលបត្រកម្ពុជា មានចំនួន៥ រួមមាន កំពង់ផែស្វយ័តក្រុងព្រះសីហនុ ភ្នំពេញអេសអ៊ីហ្សិត ភីអិលស៊ី កំពង់ផែស្វយ័តភ្នំពេញ ក្រុមហ៊ុនហ្រ្គេនធ្វីនអ៊ិនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕
មតិយោបល់