ព័ត៌មានជាតិ

Update៖ រថយន្តដឹកកម្មករបើកបុកម៉ូតូគុប បណ្តាលឲ្យយុវជន២នាក់ស្លាប់យ៉ាងរន្ធត់!

ភ្នំពេញៈ យុវជន២នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងសោកសង្រេងជាទីបំផុត បន្ទាប់ពីជិះម៉ូតូឌុបគ្នាចេញពីកន្លែងធ្វើការងារ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀងខ្លាំងផង ស្រាប់តែមានរថយន្តកូរ៉េដឹកកម្មករមួយគ្រឿង បើកបញ្រ្ចាសទិសបុកហើយកិនបន្ថែម កាលពីវេលាម៉ោង៤និង៣៥នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហើយរថយន្តបង្កបើករត់គេចបាត់ស្រមោល បន្សល់ទុកតែដាន នៅនឹងកន្លែង។

ជនរងគ្រោះទាំង២នាក់ស្លាប់នៅកន្លែងកើតហេតុ ទី១ ឈ្មោះ ឆាន ហន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករបោចទា ស្នាក់នៅផ្ទះថៅកែ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក មានស្រុកកំណើតភូមិទួលក្តី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ ទី២ ឈ្មោះ យ៉ុម យ៉េក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ និងស្នាក់នៅជាមួយគ្នា មានស្រុកកំណើតភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ ជនរងគ្រោះ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា គុបជ្រុង សេ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ផ 3572 ភព1 ។ ចំណែករថយន្តបង្ក គ្រាន់តែដឹងថារថយន្តកូរ៉េ ដឹកកម្មករ ក្រោយកើតហេតុ បើកគេចបាត់ស្រមោល ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា ខណៈដែលចំណុចខាងលើ មេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង ជនរងគ្រោះ ជិះម៉ូតូឌុបគ្នាចេញពីបោចមាន់ ទា នៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ក្នុងគោលបំណងឆ្ពោះទៅ ផ្ទះថៅកែវិញ នៅសង្កាត់ទឹកល្អក់១ ដោយធ្វើដំណើរកាត់តាមផ្លូវខាងលើ ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្ក បើកពីកើតទៅលិចបញ្ច្រាសទិសគ្នា បុកហើយកិន បណ្តាលឲ្យស្លាប់ទាំង២នាក់ នៅកន្លែងហើយរថយន្តបង្កបើករត់គេចបាត់ បន្សល់ទុកតែស្លាកស្នាមកាងរថយន្តនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សាកសពជនរងគ្រោះ សមត្ថកិច្ចជំនាញចុះពិនិត្យស្លាកស្នាមរួច ទំនាក់ទំនងទៅក្រុមគ្រួសារ មកដឹកសពយកទៅធ្វើបុណ្យតាមប្រពៃណីឯស្រុកកំណើត ចំណែកម៉ូតូ នគរបាលយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋានខណ្ឌដើម្បីធ្វើការស្រាវជ្រាវបន្ត ៕

មតិយោបល់