ព័ត៌មានជាតិ

ស្រវឹងស្រា បើករថយន្ត បុកក្បាលព្រួញពុះចែកទ្រូងផ្លូវ រួចគេចខ្លួនបាត់ស្រមោល

ភ្នំពេញ: យុវជនប្រុសស្រី ៤នាក់ ស្រវឹងស្រា បើករថយន្តម៉ាក TUNDRA មួយគ្រឿង បោះពួយយ៉ាងលឿន ដូចហោះក៏ជ្រុលចង្កូតទៅបុក នឹងក្បាលព្រួញពុះចែកទ្រូងផ្លូវ ពេញទំហឹង បណ្ដាលឲ្យដាច់ក្រឡេកង់ខាងមុខលែងរួច រីឯអ្នកបើកបរគេចចេញពី កន្លែងកើតហេតុបាត់ស្រមោល។ ហេតុការណ៍នេះ កើតឡើងកាលពី វេលាម៉ោង ១២និង៥០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុច ស្តុបផ្សារ៧មករា តាមបណ្ដោយផ្លូវ ២៨៩ ស្ថិតក្នុងសង្កាត់ បឹងកក់ទី ២ ខណ្ឌ ទួលគោក ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុគេឃើញ យុវជន ប្រុសស្រីចំនួន ៤នាក់ បានបើកបររថយន្តមួយគ្រឿង ម៉ាកTUNDRA ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2Y-6849 ធ្វើដំណើរក្នុងស្ថានភាពស្រវឹង តាមបណ្តោយផ្លូវ ២៨៩ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿនដូចហោះ ។ លុះមកដល់ចំណុច កើតហេតុរថយន្តបង្ក ក៏ជ្រុលទៅបុកនឹងក្បាលព្រួញ ពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់អស់មួយកង់ខ្ទាត ទៅកណ្ដាលផ្លូវម្ខាងទៀត។ ចំណែកឯរថយន្តបង្ក បានរងការខូចខាត បែកកាងនិងដាច់ក្រឡេកង់ខាងមុខ ចំហៀងខាងឆ្វេងទៅមុខលែងរួច ។ ភ្លាមៗ នោះអ្នកបើកបរ រថយន្តបង្ករួមទាំងអ្នករួម ដំណើរជាមួយ បាននាំគ្នាចុះពីលើរថយន្តបង្ក ទៅជិះម៉ូតូកង់បី គេចខ្លួនចេញពីកន្លែង កើតហេតុបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញចរាចរណ៍ ក៏បានចុះមក ដល់កន្លែងកើតហេតុ រួចក៏បានធ្វើការវាស់វែង និងស្ទូចយករថយន្តបង្កខាងលើទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកធ្វើការដោះស្រាយតាមច្បាប់៕

មតិយោបល់