ប្រទេសកម្ពុជា និងវៀតណាម គ្រោងពង្រីកទំហំពាណិជ្ជកម្ម ឲ្យដល់ ៥០០០លានដុល្លារអាមេរិក ខណៈរយៈពេល ១០ខែ ឆ្នាំ ២០១៧នេះ ទំហំពាណិជ្ជកម្មប្រទេសទាំងពីរ បានកើនដល់ទឹកប្រាក់ប្រមាណជាង ៣ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមការឲ្យដឹងពី ទីភ្នាក់ងារសារព័ត៌មានជាតិ។
លោក ដូ វឹកហឹង អនុប្រធាននាយកដ្ឋានទីផ្សារអាស៊ី-អាហ្វ្រិកនៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានបញ្ជាក់ថា ទំហំពាណិជ្ជកម្ម កម្ពុជា-វៀតណាម មកដល់បច្ចុប្បន្ននេះ មានគម្រោងចំនួន ១៩០ ដែលបានធ្វើការវិនិយោគនៅកម្ពុជាដោយមានទឹកប្រាក់ចំនួនជិត ៣ពាន់លានដុល្លារអាមេរិក។
លោកបានបន្តថា សកម្មភាពវិនិយោគប្រកបអាជីវកម្មរបស់សហគ្រាសវៀតណាមប្រចាំកម្ពុជា បានរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍកម្ពុជា រីឯការវិនិយោគពីកម្ពុជាទៅកាន់វៀតណាមវិញ ក៏មានការកើនឡើងផងដែរ ដោយមាន គម្រោងចំនួន ១៨ ក្នុងទឹកប្រាក់ចំនួន ៥៨លានដុល្លារអាមេរិក។
លោក ហូ ស៊ីយ៉ុង ប្រធាននាយកដ្ឋាននាំចេញ-នាំចូល នៃក្រសួងពាណិជ្ជកម្ម កម្ពុជាលើកឡើងថា ទំហំពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរ ដែលកើនឡើងជាលំដាប់នេះ ដោយសារកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល និងវិស័យឯកជន នៃប្រទេស ទាំងពីរ។
សូមបញ្ជាក់ថា វេទិកាពាណិជ្ជកម្ម និងវិនិយោគវៀតណាម-កម្ពុជា ក្នុងឆ្នាំ ២០១៧នេះ មានក្រុមហ៊ុនកម្ពុជាចូលរួមសរុបប្រមាណ ១៥០ក្រុមហ៊ុន ក្រុមហ៊ុនវៀតណាមប្រមាណ១០០ ក្រុមហ៊ុន និងការចូលរួមរបស់មន្ត្រីជាន់ខ្ពស់នៃកម្ពុជា និងវៀតណាមប្រមាណ ៥០រូប ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឲ្យកាន់តែជិតស្និទ្ធ និងបង្កើនការធ្វើពាណិជ្ជកម្មបន្ថែមទៀតរវាងប្រទេសទាំងពីរ៕
មតិយោបល់