ភ្នំពេញៈ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែវិច្ជិកា ឆ្នាំ២០១៧ សមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសព្រហ្មទណ្ឌ
នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនក្រុមចោរលួចម៉ូតូ៣នាក់ទៅតុលាការ។
ពួកគេទាំង៣នាក់នេះជាបក្ខពួកផ្សេងគ្នា ត្រូវបានកម្លាំងល្បាតអាវុធហត្ថខណ្ឌចំការមន និងខណ្ឌជ្រោយចង្វារ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់គ្នា កាលពីថ្ងៃទី២១ ខែវិច្ជិកា ឆ្នាំ២០១៧ ក្នុងនោះមានដូចជា៖
ទី១មានឈ្មោះ នួន សុខចំរើន ភេទប្រុស អាយុ២៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្នានអាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួនបាន កាលពីវេលាម៉ោង៤និង៤៥នាទីល្ងាច នៅត្រង់ចំណុចហាងលក់សំលៀកបំពាក់ZADO ផ្លូវលេខ១៥៥ សង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យម្នាក់នេះ បានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១០ ពាក់ស្លាកលេខ 1AT-6739 ជកម្មសិទ្ធរបស់ជនរងគ្រោះ ឈ្មោះ ពិល ប៊ុនធឿន ភេទប្រុស អាយុ៣៦ឆ្នាំ ខណៈដែលជនរងគ្រោះបានទៅហែលទឹកនិងត្រាំទឹកក្តៅ នៅសណ្ឋាគារស្ទីមសូណាA&P ផ្ទះលេខ២៧ ផ្លូវ៧១ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាលពីថ្ងៃទី២០ ខែវិច្ជិកា ឆ្នាំ២០១៧ ក្នុងពេលនោះជនរងគ្រោះ និងជនសង្ស័យ បានត្រាំទឹកក្តៅជាមួយគ្នា ហើយដើរនិយាយលេងជាមួយគ្នា ជាធម្មតា នៅក្នុងសណ្ឋាគារខាងលើ ពួកគេទាំង២នាក់ស្គាល់គ្នាដោយចាយដន្យ ពេលនៅក្នុងសណ្ឋាគារជាមួយគ្នា ក្រោយពេលដើរនិយាយគ្នា បានមួយសន្ទុះក្រោយមក ជនរងគ្រោះបានពឹងឲ្យជនសង្ស័យខាងលើ ជួយបណ្តើរម៉ូតូរបស់ខ្លួនយកទៅទុក ហើយបានឲ្យសោរម៉ូតូទៅជនសង្ស័យខាងលើ ដើម្បីជួយបណ្តើរម៉ូតូទុក ពេលនោះជនសង្ស័យខាងលើ បានទៅរកម៉ូតូរបស់ជនរងគ្រោះ និងបានដើរចាក់ម៉ូតូ៥គ្រឿង ទើបឃើញម៉ូតូរបស់ជនរងគ្រោះ តែជនសង្ស័យមិនបានជួយបណ្តើរម៉ូតូនោះទុកទេ តែបានយកម៉ូតូរបស់ជនរងគ្រោះ ជិះទៅបាត់តែម្តង លុះពេលបាត់ម៉ូតូ ជនសង្ស័យចាំយូរមិនឃើញ មានការសង្ស័យជនរងគ្រោះបានចេញទៅមើលម៉ូតូរបស់ខ្លួនតែមិនឃើញ ភ្លាមៗនោះជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន ក្រោយពីទទួលពាក្យបណ្តឹងភ្លាម កម្លាំងអាវុធហត្ថខណ្ឌចំការមន បានចុះទៅដល់កន្លែងកើតហេតុ និងមានការសហការពីបុគ្គលិកក្នុងសណ្ឋាគារ ក៏បានកំណត់មុខសញ្ញាស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើតែម្តង។
នៅចំពោះមុខ សមត្ថកិច្ច ជនសង្ស័យ បានសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថ ឲ្យដឹងថា រូបខ្លួនពិតជាមានចេតនា លួចម៉ូតូរបស់ជនរងគ្រោះខាងលើ ពិតប្រាកដមែន ខណៈជនរងគ្រោះបានពឹងឲ្យខ្លួនជួយបណ្តើរម៉ូតូទុក តែខ្លួនមិនបានយកម៉ូតូនោះទុកតាមការពឹងពាក់នោះទេ បែជាជិះម៉ូតូរបស់ជនរងគ្រោះទៅបាត់តែម្តង ហើយបានយកម៉ូតូនោះ ទៅផ្ញើរនៅក្លឹបកំសាន្តរ៉ុក បន្ទាប់មករូបគេបានជិះម៉ូតូមួយគ្រឿង ម៉ាកវីវ៉ា ទៅផ្ទះរបស់គេវិញ លុះដល់ថ្ងៃទី២១ ខែវិច្ជិកា ឆ្នាំ២០១៧ រូបគេក៏ត្រូវបានសមត្ថកិច្ចអាវុធហត្ថធ្វើការឃាត់ខ្លួនតែម្តង។
ទី២មានឈ្មោះ សាត ប៊ុនចាន់ ភេទប្រុស អាយុ៣០ឆ្នាំ ទី៣ឈ្មោះ ជឹង បូរី ហៅយ៉ន ភេទប្រុស អាយុ៣១ឆ្នាំ ពួកគេទាំង២នាក់នេះ ត្រូវបានសមត្ថកិច្ចអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង៥ល្ងាច ស្របពេលសមត្ថកិច្ចអាវុធហត្ថកំពុងចុះឆែកឆេរ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅចំណុចក្បែរស្ពានលីយ៉ុងផាត់ត្រើយខាងកើត ខណ្ឌជ្រោយចង្វារ ស្រាប់តែពេលនោះ ជនសង្ស័យទាំង២នាក់ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 1GG-6812 ឆ្លងកាត់ចំណុចដែលសមត្ថកិច្ចកំពុងត្រួតពិនិត្យ ឃើញគួរឲ្យសង្ស័យ ក៏បានឲ្យជនសង្ស័យទាំង២នាក់ នេះឈប់ ដើម្បីឆែកឆេរ ក្នុងពេលកំពុងឆែកឆេរ សមត្ថកិច្ចអាវុធហត្ថ បានឆែកឃើញសម្ភារៈមួយចំនួនសំរាប់ធ្វើសកម្មភាពលួច មានដូចជា ដែកសំរាប់កាច់សោ ក.ម៉ូតូ កូនសោរម៉ូតូ ទូណាវីស និងដែកកាប់ដែលសៀតជាប់និងចង្កេះ ឈ្មោះ ជឹង បូរី ហៅយ៉ន ក្រោយពេលឆែកឆេរឃើញសម្ភារៈទាំងអស់នេះ សមត្ថកិច្ចអាវុធហត្ថខណ្ឌជ្រោយចង្វារ ក៏ធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះតែម្តង។
ក្រោយពេលសមត្ថកិច្ចអាវុធហត្ថឃាត់ខ្លួនបាន ពួកគេទាំង២នាក់ បានសារភាពថា សម្ភារៈទាំងអស់ដែលសមត្ថកិច្ចអាវុធហត្ថឆែកឆេរឃើញ គឺពួកគេបានដាក់តាមខ្លួនក្នុងគោលបំណង ចេញទៅរកលួចម៉ូតូនៅខេត្តកំពង់ចាម និងកំពង់ធំ ពួកគេទាំង២ បានប្រាប់សមត្ថកិច្ចអាវុធហត្ថឲ្យដឹងទៀតថា កាលពីថ្ងៃទី១៩ ខែវិច្ជិកា ឆ្នាំ២០១៧ ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង នៅខេត្តកំពង់ចាមតែពុំបានសម្រេច ដោយត្រូវម្ចាស់ម៉ូតូមកទាន់ ហើយពួកគេ បានជិះម៉ូតូគេចខ្លួនមកភ្នំពេញវិញ កន្លងមកពួកគេធ្លាប់ប្រើបា្រស់គ្រឿងញៀនរយៈពេល១ឆ្នាំមកហើយ៕
មតិយោបល់