ព័ត៌មានជាតិ

បែបស្រេកខ្លាំងហើយមើលទៅ! គាស់បង្អួចលួចស្រាបៀរកម្ពុជា មិនទាន់បានផឹកផង ជាប់ខ្នោះបាត់!

កណ្តាល: សមត្ថកិច្ចបានឃាត់ខ្លួនបុរស២នាក់ ពាក់ព័ន្ធនឹងករណីចោរកម្ម បន្ទាប់ពីបានធ្វើសកម្មភាពគាស់បង្អួច លួចចូលយកលុយមួយចំនួន ស្រាបៀរកម្ពុជាចំនួយ១កេស និងម៉ូទ័របូមទឹកចំនួន១គ្រឿង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះមានឈ្មោះ ហៃ ប៊ុនថាន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ មុខរបរបុគ្គលិករោងពុម្ព។ ចំណែកឯជនសង្ស័យ ទី១មានឈ្មោះ អេង ចាន់រិទ្ធ ហៅស្វិត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ និងទី២ឈ្មោះ ផាន ភារក្ស ហៅតឿ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ អ្នកទាំង២ ស្នាក់នៅភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១និង៣០នាទី ឈ្មោះ អេង ចាន់រិទ្ធ ហៅស្វិត និងឈ្មោះផាន ភារក្ស ហៅតឿ បានចូលលួចគាស់បង្អួចផ្ទះ ឈ្មោះ ហៃ ប៊ុនថាន ហើយបាន លួចយកទ្រព្យសម្បត្តិ ម្ចាស់ផ្ទះរួមមានប្រាក់រៀលចំនួន២ម៉ឺន និងប្រាក់ដុល្លារចំនួន ២០ដុល្លារ ភ្លាមនោះម្ចាស់ផ្ទះឈ្មោះ ហៃ ប៊ុនថាន មកទាន់បានឃើញឈ្មោះ អេង ចាន់រិទ្ធ ហៅស្វិត កំពុងលីស្រាបៀរកម្ពុជាចំនួន១កេស ហើយជនរងគ្រោះបានស្រែកថាចោរៗ ឈ្មោះ អេង ចាន់រិទ្ធ ហៅស្វិត បានទំលាក់ ស្រាបៀរចោលហើយរត់គេចខ្លួនបាត់។

លុះដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ឈ្មោះ ហៃ ប៊ុនថាន បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរលំ ហើយសមត្ថកិច្ចនគរបាលស្វាយរលំ ចុះទៅធ្វើការស្រាវជ្រាវ ក៏ប្រទះឃើញជនសង្ស័យឈ្មោះ អេង ចាន់រិទ្ធ ហៅស្វិត រួចក៏ឃាត់ខ្លួននិងនាំ យកមកសាកសួរនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយរលំ។

នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ អេង ចាន់រិទ្ធ ហៅស្វិត បានសារភាពថា ខ្លួននិងឈ្មោះ ផាន ភារក្ស ហៅតឿ ពិតជាបានលួចគាស់ ផ្ទះរបស់ជនរងគ្រោះលួចយកទ្រព្យសម្បត្តិក្នុងផ្ទះពិតប្រាកដមែន ហើយកន្លងមកនេះ ឈ្មោះ អេង ចាន់រិទ្ធ ហៅស្វិត បានសារភាពថា ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចយកម៉ូទ័របូមទឹក របស់ឈ្មោះ ហៃ ប៊ុនថាន បានម្ដងមកហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង២ មកអធិការដ្ឋាននគរបាល ដើម្បីធ្វើកាដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់