ព័ត៌មានសេដ្ឋកិច្ច

ផ្សារក្តាម ខេត្តកែប ចំណាយជិត ១លានដុល្លារ សាងសង់រយៈពេល ១០ខែ

គម្រោងផ្សារក្តាម ខេត្តកែប នឹងចំណាយថវិកាប្រមាណ ៩៥ម៉ឺនដុល្លារអាមេរិក ក្នុងការសាងសង់រយៈពេល ១០ខែ​ ក្នុងគម្រោងទេសចរណ៍ TIIG-ADB ក្រោយការសហការអនុវត្តដោយ ក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តកែប។

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានឲ្យដឹងថា គម្រោងនេះ អាចនឹងបញ្ចប់នៅខែសីហា ឆ្នាំ ២០១៨ខាងមុខនេះ ដោយប្រើប្រាស់ថវិកា ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គនៃ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

លោក កែន សត្ថា អភិបាលខេត្តកែប ក៏អំពាវនាវដល់ ប្រជាពលរដ្ឋ អាជីវករទាំងអស់ សូមមានការយោគយល់ និងបង្កភាពងាយស្រួលដល់ ក្រុមការងារ ក្នុងអំឡុងពេលសាងសង់ ដើម្បីឲ្យការងារប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

លោកក៏បានណែនាំដល់អាជីវករក្នុងផ្សារក្ដាមថា សូមកុំដំឡើងថ្លៃទំនិញ និងសេវារបស់ខ្លួន ដែលនាំឲ្យភ្ញៀវទេសចរ ឬអតិថិជនមានការរុញរាមិនចង់ទិញដូរទំនិញ និងសេវារបស់អាជីវករក្នុងខេត្តកែប នាំឲ្យខ្សត់ភ្ញៀវទេសចរមកទស្សនាខេត្តកែប និងបាត់បង់ចំណូលរបស់ប្រជាពលរដ្ឋ តាមរយៈវិស័យទេសចរណ៍នេះ។

លើសពីនេះ ក៏ស្នើឲ្យអាជីវករ រក្សាឲ្យបាននូវអនាម័យទំនិញ និងចូលរួមថែរក្សាសម្អាតបរិស្ថានក្នុងរមណីយដ្ឋានខេត្តកែប ក៏ដូចជាក្នុងខេត្តកែបទាំងមូលផងដែរ។

គួរបញ្ជាក់ថា នាថ្ងៃទី ២២-២៣-២៤ ខែធ្នូ ឆ្នាំ ២០១៧ ខាងមុខ ពិធីបុណ្យសមុទ្រជុំទី២ លើកទី៦ នឹងប្រារព្ធឡើងនៅខេត្តកែប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕

មតិយោបល់