ភ្នំពេញៈ ទោះបីជាមានការរឹតបន្តឹងសន្ដិសុខសណ្ដាប់ធ្នាប់ ជុំវិញពហុកីឡដ្ឋានជាតិអូឡាំពិក ក្នុងព្រឹត្តិការបាល់ទាត់កម្ពុជា-តៃប៉ិ យ៉ាងណាក៏ដោយ ក៏កំឈួលអ្នកគាំទ្រនៅតែបន្តពុះកញ្ជ្រោល។ ពុះកញ្ជ្រោល ក៏ព្រោះតែអ្នកគាំទ្រទាំងនេះ បានបង្ហាញសកម្មភាពចាស់ដដែល ពោល គឺឡើងតាមរបង ទោះបីជារបងនោះ អាចបង្កគ្រោះថ្នាក់យ៉ាងណាក៏ដោយ។
គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី៧ ខែមិថុនានេះ មុនការប្រកួតបាល់ទាត់ AFC Asian Cup 2019 មួយម៉ោង សកម្មភាពអ្នកគាំទ្រនៅតែបានសម្រុកឡើងតាមរបងជាបន្តបន្ទាប់ ក្រោយពីការលក់សំបុត្រចូលតាមច្រកទ្វារមុខ ត្រូវបានបិទបញ្ចប់។
ជាទូទៅគេសង្កេតឃើញថា កងកម្លាំងប្រដាប់អាវុធចម្រុះ បានដាក់ពង្រាយត្រួតពិនិត្យ និងការពារជុំវិញបរិវេណស្ដាត ដើម្បីការពារសន្តិសុខ និងសណ្ដាប់ធ្នាប់ឲ្យល្អប្រសើរ ជាពិសេសហាមមិនអ្នកគាំទ្រផ្លោះរបង ដូចការគាំទ្រការប្រកួតបាល់ទាត់លើកមុនៗ។ ប៉ុន្តែការហាមឃាត់ដោយអាជ្ញាធរ មិនត្រូវពួកគេស្ដាប់នោះទេ ដោយសារអ្នកគាំទ្រម្នាក់ៗ សុទ្ធសឹងតែចង់ទស្សនាដោយផ្ទាល់នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយសង្ឃឹមថា កីឡាករកម្ពុជា នឹងវាយផ្ដួលកីឡាករតៃប៉ិ ក្នុងយប់នេះ៕
មតិយោបល់