កណ្តាល: យ៉ាងហោចណាស់មនុស្ស ៥នាក់ បានរងរបួសធ្ងន់ និងស្រាល បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ដោយម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦និង៥០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្លូវជាតិលេខ១១០ ស្ថិតក្នុងភូមិខ្ពបក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។
នគរបាលចរាចរណ៍ស្រុកស្អាង បានឲ្យដឹងថា ម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង C90 ពណ៌ទឹកប៉ិច គ្មានស្លាកលេខ គ្មានកញ្ចក់មើលក្រោយ បើកបរដោយឈ្មោះ ស្រិន ម៉េងសៀង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅ ភូមិព្រែកស្លែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល រួមដំណើរដោយឈ្មោះលាង ផល្លា ភេទប្រុស អាយុ១៧ ជនជាតិខ្មែរ មុខរបរកម្មករ និងឈ្មោះទូច ភារី ភេទប្រុសអាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ជាមួយគ្នា ធ្វើដំណើរក្នុងទិសដៅពីត្បូងមកជើង (មិនពាក់មួកការពារ)។
លុះពេលមកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកសង់៨៨ ពណ៌ខ្មៅ គ្មានស្លាកលេខ គ្មានកញ្ចក់មើលក្រោយ បើកបរដោយឈ្មោះគឹម រុន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ រួមដំណើរដោយឈ្មោះវ៉ាន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិលេខ៨ ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល ជាមួយគ្នា (មិនពាក់មួកការពារ) ធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង ។
អ្នករងរបួសត្រូវបានក្រុមគ្រួសារ ដឹកយកទៅមន្ទីរពេទ្យភ្នំពេញរៀងៗខ្លួន ចំណែកម៉ូតូខូចខាតធ្ងន់ សមត្ថកិច្ច បានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ដើម្បីរងចាំដោះស្រោយគ្នានៅពេលក្រោយ៕
មតិយោបល់