ភ្នំពេញៈ មកទល់ពេលនេះ សា្វមីរបស់អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ ត្រូវបានអះអាងថា បានឆ្លងផុតគ្រោះថ្នាក់ដល់ជីវិតហើយ បន្ទាប់ពីលោកត្រូវបានក្រុមគ្រូពេទ្យវះកាត់សរសៃឈាមបេះដូងប្រកបដោយភាពជោគជ័យនៅក្នុងមន្ទីរពេទ្យវៀតណាម។ យ៉ាងណាមិញ ប្រភពដែលបានបង្ហាញឡើងគឺលោកមិនទាន់បានស្រួលបួល និងនៅមានសុខភាពទន់ខ្សោយនៅឡើយ ទើបគេឃើញអ្នកនាងសុខ ច័ន្ទធីតា នៅតែបួងសួងបន់ស្រន់សុំឲ្យស្វាមីបានជាដូចដើមក្នុងពេលឆាប់។
នៅលើគណនេយ្យហ្វេសប៊ុកផ្លូវការរបស់អ្នកនាងកាតុ អ្នកនាងបានត្រឹមតែបង្ហោះថា ស្វាមីឈឺធ្ងន់ប៉ុណ្ណោះ ប៉ុន្តែអ្នកនាងមិនបញ្ជាក់ថាតើលោកមានជំងឺអ្វី និងមានសភាពដូចម្ដេចមុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យវៀតណាមនោះទេ។ ប៉ុន្តែផ្អែកតាមប្រភពពីក្រុមគ្រួសាររបស់នាងបានអះអាងថាមុនពេលកើតហេតុ គឺលោកខ្យងដែលត្រូវជាតន្ត្រីករ និងជាស្វាមីរបស់អ្នកនាងកាតុ ស្រាប់តែមានអាការៈចុកត្រង់ទ្រូងយ៉ាងចម្លែក រហូតត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត្រ។ ទៅដល់ទីនោះ ពេទ្យជំនាញនៅខាងមន្ទីរពេទ្យកាល់ម៉ែត្រ បានរកឃើញថាស្វាមីអ្នកនាងមានសភាពគៀបសរសៃឈាមបេះដូងក្នុងកម្រិតធ្ងន់ធ្ងរដោយទាមទារឲ្យវះកាត់ឲ្យបានលឿនបំផុត ដើម្បីកុំឲ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់លោកអ្នកជំងឺ។ ចឹងហើយទើបត្រូវបានគ្រូពេទ្យរៀបចំសំណុំឯកសារ និងសហការបញ្ជូនមកកាន់មន្ទីរពេទ្យនៅហូជីមិញ តាមការស្នើសុំរបស់គ្រួសារ ដើម្បីបញ្ជូនមកធ្វើការវះកាត់ឲ្យទាន់ពេលវេលា។
អ្នកលើកទូរស័ព្ទម្នាក់ដែលអះអាងថាជាសាច់ញាតិរបស់អ្នកនាងកាតុ បានប្រាប់ Postnews ថា លោកខ្យងក្រោយពីបានវះកាត់សរសៃឈាមបេះដូងរួចហើយ គឺលែងមានអាការៈចុកចាប់ណែនទ្រូង និងចង់ថប់ដង្ហើមដូចមុនទៀតហើយ។ ប៉ុន្តែលោកនៅមិនទាន់បានស្រួលដូចមុនមនុស្សដែលមានសុខភាពប្រក្រតីនៅឡើយទេ ទើបតម្រូវឲ្យនៅតាមដានសុខភាពមួយរយៈទៀត។ នាងថាមិនច្បាស់ពីថ្ងៃវិលវិញមកកាន់កម្ពុជានោះទេ ដរាបណាសភាពជំងឺក្រោយការវះកាត់នៅមិនទាន់មានសភាពដូចដើម។ យ៉ាងណាក៏ដោយថាជារឿងវិជ្ជមានដែលស្វាមីរបស់អ្នកនាងកាតុឆ្លងផុតគ្រោះថ្នាក់ ថ្វីដ្បិតតែស្ថានភាពក្រោយការវះកាត់នៅតែធ្វើឲ្យលោកទ្រុឌទ្រោម មិនទាន់មានកម្លាំងនៅឡើយ៕
មតិយោបល់