ព័ត៌មានជាតិ

ចោរឆក់ម្នាក់ ត្រូវបានលោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដេញបានដោយខ្លួនឯង!

ភ្នំពេញៈ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានលោតចេញពីលើឡាន រត់ដេញចាប់ជនសង្ស័យចំនួន២នាក់ រហូតធ្វើឲ្យលោកដួលរបួសកែងដៃ ម្រាមដៃ និងក្បាលជង្គង់ ខណៈពេលដែលពួកគេទាំង២នាក់នោះ បានជិះម៉ូតូឆក់ទូរសព្ទដៃពីអ្នកដំណើរថ្មើជើងម្នាក់ កាលពីវេលាម៉ោងប្រហែល១០ និង៣០នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រង់ចំណុចភ្លើងស្តុប ក្បែរវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាលទ្ធផលក្របួចបានម្នាក់ ចំណែកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីឃាត់បានហើយនោះក៏បញ្ជូនជនសង្ស័យខាងលើកាន់ទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីឲ្យមន្ត្រីជំនាញ បន្តការស្រាវជ្រាវតាមប្រម៉ាញ់ បក្ខពួក ក្រុមចោរឆក់នេះជាបន្តបន្ទាប់ទាំងយប់ រហូតដល់កំណត់មុខសញ្ញាបាន នៅវេលាម៉ោងប្រហែលជិត២យប់ថ្ងៃដដែល ហើយ សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះ បង្ក្រាបបក្ខពួកចោរទាំងនេះ ទាំងយប់ អធ្រាត្រ តែដោយស្ថានភាពភូមិសាស្ត្រ មិនអំណោយផល ធ្វើឲ្យក្រុមចោរឆក់ ទាំងនោះ ដឹងខ្លួនរត់ប្រាស់អាយុ ចោលម៉ូតូ២គ្រឿងនៅនឹងកន្លែង ។

រហូតមកដល់រសៀលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ កម្លាំងជំនាញនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ ដ៏សកម្មខាងលើ ទៅតុលាការដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់ ។

ជនសង្ស័យដែលឃាត់ខ្លួន មានឈ្មោះ ម៉ី ពន្លឺ អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ គឺជាបក្ខពួកក្រុមចោរឆក់មួយក្រុម ដែលមានឈ្មោះ សាល ឈ្មោះ មករា និងឈ្មោះ ធា តែកន្លងមកឈ្មោះសាល និងឈ្មោះ មករា ត្រូវសមត្ថកិច្ចបង្ក្រាបបាន បញ្ជូនទៅតុលាការ ផ្តន្ទាទោស កំពុងជាប់ក្នុងពន្ធនាគារ។ រីឯ ឈ្មោះ ម៉ី ពន្លឺ និងឈ្មោះ ធា នេះ ធ្លាប់បានគេចរួចពីការតាមចាប់របស់ សមត្ថកិច្ច ហើយបន្តមុខរបរដើរឆក់ជាហូរហែររាប់សិបដង បន្តទៀត រហូតអស់លក្ខណ៍ត្រូវលោកមេបញ្ជាការ រ័ត្ន ស្រ៊ាង ចាប់បានឈ្មោះ ម៉ី ពន្លឺ ដោយផ្ទាល់ នៅវេលាម៉ោងប្រហែល១០ និង៣០នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះតែម្តង៕

មតិយោបល់