ដោយប្រកាសផ្អាកទំនាក់ទំនងយោធាទ្វេភាគីជាមួយម៉ាលី រដ្ឋាភិបាលបារាំង បានបញ្ជាក់ជំហរថ្កោលទោស សកម្មភាពធ្វើរដ្ឋប្រហារយោធា នៅប្រទេសម៉ាលី និងចង់ចូលរួម ជាមួយសហគមន៍អន្តរជាតិ ដែលបានដាក់សម្ពាធ ទាមទារឲ្យរបបសឹកម៉ាលី លះបង់អំណាច បើកផ្លូវ ឲ្យមានរដ្ឋាភិបាលស៊ីវិលឡើងវិញ នៅម៉ាលី។
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិបារាំង នៅក្នុងពេលរង់ចាំ ចម្លើយធានា បំភ្លឺ ពីខាងរបបសឹកម៉ាលី ប្រទេស បារាំងសម្រេច ផ្អាក បណ្តោះអាសន្ន ប្រតិបត្តិការយោធារួមគ្នា ជាមួយកងទ័ពម៉ាលី។ បារាំងនឹងផ្អាកផងដែរ បេសកកម្មប្រឹក្សាជាតិ សម្រាប់កងទ័ពម៉ាលី និងបេសកកម្មរបស់ក្រុមTakuba ដែលមានការចូលរួមពីកម្លាំងទ័ពអឺរ៉ុប សម្រាប់ការបណ្តុះបណ្តាលកងទ័ពម៉ាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត។
នៅមុនបារាំងសម្រេចផ្អាក សហប្រតិបត្តិការទ្វេភាគី ជាមួយកងទ័ពម៉ាលី ក្រសួងការពារជាតិអាមេរិក បានប្រកាស ព្យួរតាំងពីខែឧសភា រាល់ជំនួយសម្រាប់កងកម្លាំងរក្សាសន្តិសុខ និងកងទ័ពម៉ាលី បន្ទាប់ពីឧត្តមសេនីយ៍ អាស៊ីមី ហ្គ័យតា Assimi Goïta ដែលជាអ្នកដឹកនាំធ្វើរដ្ឋប្រហារយោធា ចូលកាន់តំណែងជាប្រធានាធិបតីស្តីទី ម៉ាលី កាលពីសប្តាហ៍មុន។
ម៉ាលី ដែលបានរងរង្គោះរង្គើ ដោយសាររដ្ឋប្រហារយោធាដល់ទៅ២ដង ក្នុងរយៈពេលតែ៩ខែ ជាប្រទេសគន្លឹះ ដើរតួនាទីសំខាន់ ក្នុងការប្រយុទ្ធប្រឆាំង ក្រុមជីហាត ភេរវនិយម នៅតំបន់អាហ្រ្វិក សាហែល។ តាមការបញ្ជាក់របស់ក្រសួងការពារជាតិ ទោះគ្មានទំនាក់ទំនងយោធាទ្វេភាគីជាមួយម៉ាលី ប៉ុន្តែបារាំង ដែលសកម្ម និងមានកងទ័ពរបស់ខ្លួន ជាង៥១០០ នាក់ សម្រាប់ប្រតិបត្តិការ Barkhane នឹងនៅតែបន្តការងារតែម្នាក់ឯង ដើម្បីប្រយុទ្ធប្រឆាំង ពួកជីហាតជ្រុលនិយម នៅតំបន់សាហែល។
បារាំងចាប់បើកប្រតិបត្តិការBarkhane នៅក្រោយ អន្តរាគមន៍យោធា ដើម្បីទប់ស្កាត់ការវាយចូលលុកលុយរបស់ក្រុមជីហាត ក្នុងទឹកដីម៉ាលី នៅឆ្នាំ ២០១៣។ មន្រ្តីទូតសុំមិនបញ្ចេញឈ្មោះម្នាក់បាននិយាយថា រដ្ឋប្រហារផ្ទួនៗ នៅម៉ាលី នឹងអាចធ្វើឲ្យប្រទេសអឺរ៉ុបដទៃទៀត ផ្លាស់ប្តូរចិត្ត មិនចូលរួមជាមួយម៉ាលី ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជីហាត នៅតំបន់អាហ្វ្រិកសាហែល។
នៅក្រោយ រដ្ឋប្រហារ កាលពីសប្តាហ៍មុន ប្រធានាធិបតីបារាំងផ្ទាល់ ធ្លាប់បាននិយាយ ព្រមានដកកងទ័ពបារាំងចំនួន ៥១០០នាក់ពីចេញពីប្រតិបត្តិ ប្រយុទ្ធប្រឆាំងនឹងពួកភេរវនិយមក្នុងតំបន់ ក្នុងហេតុផលថា បារាំងមិនចង់ការពារ និងធ្វើការជាមួយប្រទេសគ្មានប្រជាធិបតេយ្យនោះទេ៕
មតិយោបល់