ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍បុកគ្នាស្លាប់ សមត្ថកិច្ចចុះទៅវាស់វែង ត្រូវម៉ូតូមកបុកស្លាប់សមត្ថកិច្ចបន្ថែមទៀត!

កំពង់ស្ពឺៈ លោកវរសេនីយ៍ទោ សាយ ប៊ុនថន អធិការស្រុកភ្នំស្រួច បានប្រាប់Post News ថាមានករណីគ្រោះថ្នាក់ចរាចរណ៍២ករណីផ្ទួនគ្នាបានកើតឡើង បណ្តាលឲ្យមនុស្ស២នាក់ ក្នុងនោះមានម្នាក់ជាលោកវរ:សេនីយ៍ត្រី សួស អ៊ុន អធិការរង បានស្លាប់យ៉ាងអាណោចអាធ័មនៅនឹងកន្លែង។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៧និង៤០នាទី យប់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៧០-៧១ ត្រង់ចំណុចមុខភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ចបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ មុនដំបូងឡើយបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក បើកបរពីកើតទៅលិច លុះមកដល់មកដល់ចំណុចខាងលើ បានប៉ះជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ស៊េរី២០១០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Ax-0390 ដោយក្នុងកែបម៉ូតូមានអត្តសញ្ញាណប័ណ្ណហ្វូតូ ឈ្មោះ ជា ស៊ីធឿន ភេទប្រុស អាយុ៣៣ឆ្នាំ នៅតាព្រះឃុំព្រែកតាសរ ស្រុកពោរៀងខេត្តព្រៃវែង ស្លាប់នៅកន្លែងកើតហេតុរថយន្ដរត់គេចបាត់ ។

លុះក្រោយពីកើតហេតុ លោកវរ:សេនីយ៍ សួស អ៊ុន អធិការរង បានចុះវាស់វែងនៅកន្លែងកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1D-1486 បើកបរដោយឈ្មោះ រឿន ភារម្យ ភេទប្រុស អាយុ៤៧ឆ្នាំ ភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច បានជិះម៉ូតូពីកើតទៅលិចមកដល់ចំណុចខាងលើ បានបុកលោកវរ:សេនីយ៍ត្រី សួស អ៊ុន អធិការរង បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង។

បច្ចុប្បន្នអ្នកបើកម៉ូតូបង្ករួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចយកមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីរង់ចាំចាត់ការតាមនីតិវិធីច្បាប់។ចំណែកសពត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់