ភ្នំពេញៈ ជនសង្ស័យម្នាក់ រយៈពេល៣ថ្ងៃធ្វើសកម្មភាព២ដង លើកទី១ម្ចាស់មិនដេញដោល គ្រាន់តែធ្វើការអប់រំ ដល់ពេើលើកទី២ ធ្វើសកម្មភាពលួចគាស់ឆ្កឹះសោបន្ទប់ជួល ទៀតលួចបានទ្រព្យសម្បត្តិ បានសម្រេចហើយ ត្រូវម្ចាស់មកទាន់ស្រែកផ្អើលឆោឡោរួចព័ទ្ធចាប់ខ្លួនបានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍តែម្តង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅផ្ទះជួលជាន់ទី១ ខាងត្បូងជាប់ផ្សារទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ថុល ភី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ២ មានស្រុកកំណើតភូមិបុី ឃុំ សំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ។
ជនសង្ស័យខាងលើធ្លាប់ធ្វើសកម្មភាពគាស់ឆ្កឹះសោបន្ទប់ជួលកម្មករម្តងរួចហើយ តែមិនបានសម្រេចម្ចាស់មកទាន់ គ្រាន់តែអប់រំ ព្រោះមិនទាន់មានបាត់បង់របស់ទ្រព្យអ្វីដែរ ស្រាប់តែមកដល់ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា នេះជនសង្ស័យ បានទៅធ្វើ សកម្មភាពឆ្កឹះសោបន្ទប់ ផ្ទះជួលជាន់ទី១ កន្លែងកើតហេតុ លួចយកបានទូរសព្ទដៃបាន៣គ្រឿង នាឡិកាដៃ កងដៃ ហើយ ម្ចាស់មកទាន់ស្រែកព័ទ្ធចាប់ខ្លួនបានភ្លាមៗនៅលើផ្ទះតែម្តង។
ក្រោយពីឃាត់ចាប់ខ្លួនបានជនសង្ស័យ នគរបាលនាំទៅសាកសួរនិងកសាងសំណុំរឿងនៅប៉ុស្តិ៍ចោមចៅដើម្បីបញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌចាត់ការបន្តតាមនីតិវិធីច្បាប់៕
មតិយោបល់