ភ្នំពេញៈ តាំងពីថ្ងៃទី២៧ ខែកក្កដា ដែលតារាសម្ដែង និងជាតួក្រម៉ិចក្រម៉ើម លោក ម៉ាដូណា បានចេញទៅដើរកម្សាន្តនៅក្នុងប្រទេសបារាំង ជាលក្ខណៈឯកជន ក្រោមគម្រោងធានាចេញរបស់មិត្តភ័ក្រ្ដដែលធ្លាប់ស្គាល់គ្នានៅក្នុងប្រទេសបារាំង។ ប៉ុន្តែបន្ថែមពីលើដំណើរកម្សាន្តរយៈពេលខ្លីតារារូបនេះ ក៏ឆ្លៀតពេលទទួលឱកាសកើបប្រាក់ដើម្បីទទួលបានប្រាក់ធីបកក្នុងគម្រោងឲ្យច្រៀងរាំឲ្យពលរដ្ឋខ្មែរបានសប្បាយផងដែរ បើទោះជាការច្រៀងរាំនោះមិនមែនជាការលក់សំបុត្រដូចតារាចម្រៀងដែលមកច្រៀងរាំផ្លូវការ ទើបគេមើលឃើញថាលោកចេញទៅបារាំងលើកនេះ គឺចំណេញ២ផ្លូវក្នុងពេលតែមួយ។
ថ្លែងប្រាប់ Post News ពីទីក្រុងបារីស លោក ម៉ាដូណា បានអះអាងថា លោកឡើងមកកាន់ប្រទេសបារាំង លើកនេះត្រឹមតែរយៈពេល៣សប្ដាហ៍ប៉ុណ្ណោះ ហើយក៏មិនមែនដើម្បីមកសម្ដែងនោះដែរ ប៉ុន្តែដោយសារតែពេលមកដល់ ស្រាប់តែមានអ្នកគាំទ្រទាមទារឲ្យលោកសម្ដែង ទើបលោកទទួលយកការសម្ដែង។ លោកបន្តថា ខ្លួននឹងត្រឡប់មកវិញ នៅថ្ងៃទី១៨ ខែសីហាខាងមុខ ហើយក្នុងពេលខាងមុខ ក៏នឹងមានការធានាឲ្យចេញទៅសម្ដែងផ្លូវការនៅក្នុងប្រទេសបារាំងផងដែរ ដោយគ្រាន់តែមិនច្បាស់ថា នឹងអាចប្រាកដពេលណា។ លោកថា ដំណើរមកកាន់ប្រទេសបារាំងលើកនេះ បានធ្វើឲ្យលោកជោគជ័យ ដោយសារតែបានដើរកម្សាន្តមើលគេមើលឯងផង ហើយថែមទាំងទទួលបានលុយកាក់ពីការច្រៀងរាំផង។
តារាសម្ដែងរូបនេះបន្ថែមថា ស្ថានទូតបារាំង បានផ្ដលសិទ្ធិឲ្យលោកបន្តដើរកម្សាន្តនៅក្នុងប្រទេសរហូតដល់រយៈពេល១ខែ ប៉ុន្តែលោកប្រហែលមិនមានគម្រោងលើកពេលស្នាក់នៅនោះទេ បើទោះជាមានការទទូចឲ្យលោកនៅសម្ដែងឲ្យបានច្រើនលើកក្នុងគម្រោងដើរកម្សាន្តរយៈពេលខ្លីនោះក៏ដោយ។ លោកថា ខ្លួនត្រូវប្រញាប់មកទទួលការងារនៅកម្ពុជា ជាពិសេស គឺការងារគ្រប់គ្រងហាង ដែលសេងមិនទាន់ដាច់នោះ៕
មតិយោបល់