ព័ត៌មានជាតិ

ក្តឹបចោរ ចាញ់ល្បិចពូលក់ត្រី! ឈប់ម៉ូតូចោលបង្ហូរសាំងឲ្យអស់ ត្រូវចោរលួចបានហើយតែដេញតាមចាប់បានមកវិញ

ភ្នំពេញ: ក្តឹបចោរម្នាក់ រួមជាមួយបក្ខពួក ក្រោយពីធ្វើសកម្មភាពលួចម៉ូតូ អ្នកលក់ត្រីបានសម្រេចហើយ នាំគ្នាអូសបានចម្ងាយជាង១គីឡូម៉ែត្រ ម្ចាស់តាមទាន់ដេញចាប់បានម្នាក់ប្រគល់ឲ្យសមត្ថកិច្ច។ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់ កាលពីវេលាម៉ោង៦និង៥០នាទីព្រឹក ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅផ្សារសហគមន៍ត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្តឹបចោខាងលើមានឈ្មោះ សឿន វ៉ាន់ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងអញ្ចញ៥ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត សង្កាត់វាលវង់ ខណ្ឌ៧មករា។ ចំណែកបក្ខពួកម្នាក់ទៀត រត់គេចបាត់ ឈ្មោះ មុី អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិ ត្រពាំងអញ្ចាញ១ សង្កាត់ត្រពាំងក្រសាំង។ រីឯជនរងគ្រោះ ឈ្មោះ ហង្ស សុភ័ក្រ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរលក់ត្រី នៅផ្សារត្រពាំងអញ្ចាញ មានទីលំនៅភូមិត្រពាំងអញ្ចាញ៥ សង្កាត់ត្រពាំងក្រសាំង។ ដោយឡែកម៉ូតូ ដែលជនសង្ស័យលួច ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AK-1395។

មុនកើតហេតុ ម៉ូតូចតទុក ក្រោយខ្នង តែម៉ូតូត្រូវបានបង្ហូរសាំងច្រកដបទុក ជាវិធីសាស្រ្តការពាររបស់ទ្រព្យ ហើយរវល់តែលក់ត្រីក្នុងផ្សារ ស្រាប់តែក្រលេកមើលក្រោយបាត់ម៉ូតូ ដឹងតម្រុយមានជនសង្ស័យ២នាក់អូសចេញទៅបាត់ ទើបតាមស្វែងរក ហើយប្រទះជួបជនសង្ស័យ២នាក់កំពុងអូសម៉ូតូ រត់ដេញចាប់បានម្នាក់រត់រួចម្នាក់ ម៉ូតូបានមកវិញ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច។

ក្រោយពីចាប់ឃាត់ខ្លួនបានជនសង្ស័យ នាំខ្លួនទៅសាកសួរនៅ ប៉ុស្តិ៍ត្រពាំងក្រសាំង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

មតិយោបល់