ព័ត៌មានជាតិ

ហ៊ានដល់ថ្នាក់ដាំផង! សមត្ថកិច្ចខេត្តតាកែវដាក់កម្លាំងជាង១០០នាក់ ចុះច្បាមបង្ក្រាបបទល្មើសដំណាំកញ្ឆា ជាង៨០ទីតាំង !!!

តាកែវៈ នៅវេលាម៉ោង៦និង៣០នាទី ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដោយមានការយកចិត្តទុកដាក់លើការបង្ក្រាបការដាំដំណាំកញ្ឆាខុសច្បាប់នៅក្នុងភូមិសាស្រ្តទូទាំងខេត្តតាកែវ ជាពិសេសនៅស្រុកគិរីវង់ ពីសំណាក់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំ ដោយលោកវរសេនីយ៍ទោ ម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ នគរបាលស្រុក និងមានការចូលរួមដោយលោក ភិន សុភក្រ័្ត អភិបាលរងស្រុកគិរីវង់ បានដឹកនាំកម្លាំងចម្រុះសរុបចំនួន១១៧នាក់ ចុះបង្ក្រាបការដាំកញ្ឆាខុសច្បាប់ជាច្រើនទីតាំងជាបន្តបន្ទាប់ ស្ថិតនៅចំណុចខ្នងបន្ទាយចាស់ ចំណុចដាបែកថ្លាង និងចំណុចជ្រោះឃ្លី ស្ថិតក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្នុងនោះដែរ កម្លាំងបានបែងចែកកម្លាំងជា២ក្រុម ចុះទិសដៅខុសៗគ្នា ក្នុងនោះ ក្រុមទី១ ដឹកនាំដោយលោក វរសេនីយ៍ទោ ម៉ាក់ សេរីវឌ្ឍនា នាយការិយាល័យ លោក ភិន សុភក្រ្ត អភិបាលរង និងលោកវរសេនីយ៍ឯក យុគ សារ៉ាត់ អធិការ កម្លាំងវរសេនាតូចការពារព្រំដែនគោក៦០៣ កម្លាំងចំនួន៥៥នាក់ ដោយបានចុះបង្រ្កាបដំណាំកញ្ឆាខុសច្បាប់មានចំនួន ៥១ទីតាំង ស្មើនឹង ២១,៧៩១ដើម នឹងរកឃើញអណ្តូងទឹកប្រស់ទឹកចំនួន៥២អណ្តូង។

និងក្រុមទី២ ដឹកនាំដោយ លោកវរសេនីយ៍ត្រី យ៉ាង តារា អធិការរងព្រហ្មទណ្ឌស្រុកគិរីវង់ លោកវរសេនីយ៍ត្រី ទូច សាន្ត មេបញ្ជាការរងវរការពារ៣០១ លោកមេបញ្ជាការរងរាជហត្ថស្រុក លោកមេបញ្ជាការតំបន់ប្រតិបត្តិការសិករងស្រុក កម្លាំងសរុប ៦២នាក់ ដោយបានចុះបង្រ្កាបដំណាំកញ្ឆាខុសច្បាប់បានមានចំនួន ៣២ទីតាំង ស្មើនឹង៦.៣២៣ដើម ។

សរុបទាំងអស់ ដំណាំកញ្ឆាសមត្ថកិច្ចចម្រុះដកបំផ្លាញចោលមានចំនួនរួម៨៣ទីតាំង ស្មើ២៨,១១៤ដើម អណ្តូងប្រស់ទឹកចំនួន៥២អណ្តូង និងកំពុងស្រាវជ្រាវស្វែងរកម្ចាស់ទីតាំងដាំដំណាំកញ្ឆាទាំងនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់បន្តទៀត៕
https://youtu.be/25FBNtHMPGY

មតិយោបល់