ព័ត៌មានជាតិ

Update៖ អាសូរ! ក្មេងស្រីម្នាក់ជិះកង់ទៅរៀន បែរជាត្រាក់ទ័របុកបណ្តាលឲ្យស្លាប់!..

បាត់ដំបងៈ លោកអធិការរងស្រុកសំពៅលូន ទទួលផ្នែកចរាចរណ៍ បានប្រាប់ Post News ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង រវាងត្រាក់ទ័របើកបុក កង់ក្មេងស្រីម្នាក់ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចក្រាបទី៨ ស្ថិតក្នុងភូមិអូរកណ្តាល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ជនរងគ្រោះមានឈ្មោះ ម៉ាន់ មករា ភេទស្រី អាយុ១២ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកជនបង្កឈ្មោះ ម៉ាច ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅបណ្តោះអាសន្ន ក្នុងភូមិតំណាក់ក្សាន្ត ឃុំប៊ួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ប្រភពដដែល បានបន្តថា មុនពេលកើតហេតុ គេឃើញត្រាក់ទ័រដឹកពោតមួយគ្រឿង បានធ្វើដំណើរចេញពីស្រុកសំពៅលូន តាមបណ្តោយផ្លូវជាតិលេខ៥៧B ទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុបានជ្រុលចង្កូតបុកកង់ក្មេងស្រីជាសិស្សសាលាម្នាក់ ពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែង ចំណែកម្ចាស់ត្រាក់ទ័រ ជាជនបង្កបានគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងនាំយកវត្ថុតាងទាំងពីរមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ចំណែកសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់