កណ្តាលៈ គូស្នេហ៍វ័យក្មេងមួយគូ ត្រូវបានសមត្ថកិច្ចស្រុកកៀនស្វាយក្របួចជាប់ ខណៈសម្ងំពួនក្នុងចម្ការស្វាយ រៀបចំចែកចាយគ្រឿងញៀន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចកើតហេតុ ក្នុងចម្ការស្វាយ ស្ថិតនៅភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
នគរបាលស្រុកកៀនស្វាយបានអោយដឹងថា ជនសង្ស័យមានគ្នា២នាក់ទី១ឈ្មោះ អឿន ស៊ីណាត់ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងទី២ឈ្មោះ គុណ ឈុនណែត ភេទស្រី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅភូមិកោះបៀ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
វត្ថុតាងចាប់យករួមមាន ម្សៅក្រាមថ្លាពណ៌ស សង្ស័យសារធាតុញៀន ១កញ្ចប់តូច,ទូរសព្ទដៃចំនួន២គ្រឿង ម៉ាកខេមហ្វូន ពណ៌ទឹកមាស បែកអេក្រង់ និងម៉ាកអ៊ិនចុចពិល ពណ៌ខៀវ,ដាវកែច្នៃចំនួន២ដើម,សម្ភារៈប្រើប្រាស់វេចខ្ចប់ គ្រឿងញៀនមួយចំនួន និងដែកកេះហ្គាសចំនួនមួយ ពណ៌ទឹកក្រូច។
នគរបាលបញ្ជាក់ថា នៅយប់ថ្ងៃ ខែ ឆ្នាំវេលាម៉ោងកើតហេតុខាងលើ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរបានចេញល្បាតនៅក្នុងភូមិសាស្ត្រឃុំគគីរ លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែឃើញជនសង្ស័យរត់ចូលទៅពួនក្នុងរោងចម្ការស្វាយខាងលើ ឃើញដូចនេះកម្លាំងប៉ុស្ដិ៍ក៏បានដេញតាមដល់រោងក្នុងចម្ការស្វាយរួចបានត្រួតពិនិ្យតជុំវិញរោងស្រាប់តែឃើញសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ឃើញដូចនេះកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរក៏បានហៅជនសង្ស័យចេញមកក្រៅដើម្បីសួរនាំរួចធ្វើការឆែកឆេរក្នុងរោង ភ្លាមនោះក៏ឃើញឈ្មោះ គុណ ឈុនណែត ភេទស្រីនៅក្នុងរោងនោះដែរ។ បន្ទាប់មកបានធ្វើការឆែកឆេរបន្តទៀតស្រាប់តែឃើញថ្នាំញៀនមួយកញ្ចប់តូច និងសម្ភារៈសម្រាប់វិចខ្ចប់ និងប្រើប្រាស់ដាក់ក្នុងប្រអប់សៀតនៅលើដំបូលរោង ភ្លាមនោះកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរបានឃាត់ខ្លួនជនសង្ស័យទាំង២យកមកប៉ុស្ដិ៍ដើម្បីសួរនាំ។
ក្រោយពីបានសួរនាំរួចហើយក៏បានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងទៅកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយចាត់ការតាមនិតិវិធី៕
មតិយោបល់