ព័ត៌មានជាតិ

លោក ញឹក ប៊ុនឆៃ ស្នើឲ្យសកម្មជនរបស់ខ្លួនប្រឹងប្រែង រកឱ្យបានសម្លេងគាំទ្រ នៅឆ្នាំ២០១៧-២០១៨

ត្បូងឃ្មុំ : មេដឹកនាំគណបក្ស ខ្មែររួមរួមជាតិ បានស្នើឱ្យសមាជិក សមាជិកា ដែលជាសកម្មជនរបស់ខ្លួនប្រឹងប្រែង យកចិត្តទុកដាក់ ពង្រឹងការងារថ្នាក់មូលដ្ឋាន ដោយចុះជួបដោយផ្ទាល់ជាមួយប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំនិងរកវិធានការណ៍ ដោះស្រាយ បញ្ហាចាំបាច់ជូនពួកគាត់ឱ្យបានទាន់ពេលវវេលា។

ការស្នើនេះបានធ្វើឡើង ក្នុងឱកាសបានចុះជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា និងប្រកាសពុលភាព ក្រុមការងារពង្រឹងមូលដ្ឋាន គណៈកម្មការប្រតិបត្តិ ខេត្ត ស្រុក/ក្រុង និងឃុំ/សង្កាត់ នៅទូទាំងខេត្ត កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សខេត្តត្បូងឃ្មុំ ស្ថិតនៅក្នុងភូមិពោធិ ឃុំកណ្ដោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក ទា ចំរ៉ាត់ ប្រធានកិត្តិយស គណបក្ស បានលើកឡើងពីបញ្ហាដែលអ្នកតស៊ូដង្ហែរសម្ដេចឪ សម្តេចតា និងអ្នកស្នេហាជាតិ បានរួបរួមគ្នាមកបង្កើតគណបក្ស ខ្មែររួបរួមជាតិ និងបានលើកសរសើរចំពោះថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ បានរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនបានរួចរាល់ស្ទើរ១០០ភាគរយដោយប្រើប្រាស់ពេលវេលាត្រឹមតែ២ខែប៉ុណ្ណោះ។

លោក ញឹក ប៊ុនឆៃ ប្រធានគណបក្ស ខ្មែររួបរួមជាតិ បានរំឭកនូវជីវប្រវត្តិនៃការចូលរួមរបស់បងប្អូនអ្នកតស៊ូដង្ហែសម្ដេចឪ និងអ្នកស្នេហាជាតិ ដែលបានពលីកម្មនាំមកវិញនូវសន្តិភាព ស្ថេរភាព ជូនដល់ប្រទេសជាតិ និងបានបណ្ដេញកងទ័ពបរទេសចេញពីប្រទេសកម្ពុជានៅចុងឆ្នាំ១៩៨០។

លោក ញឹក ប៊ុនឆៃ បានជម្រាបជូនថ្នាក់ដឹកនាំក្នុងខេត្តត្បូងឃ្មុំទាំងអស់ អំពីបញ្ហាទាក់ទង និងដំណើរការវិវឌ្ឍន៍នយោបាយក្នុងប្រទេសកម្ពុជាថា ” សពថ្ងៃបញ្ហានយោបាយកំពុងតែកើនកម្ដៅពីមួយថ្ងៃទៅថ្ងៃ រវាងមេបក្សប្រឆាំង និងរដ្ឋាភិបាល លើសពីនេះក៏នៅមានស្ថានភាពឃាត់ខ្លួនមន្រ្តីសង្គមស៊ីវិល (អាដហុក) មួយចំនួនពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីពេលថ្មីៗនេះទៀត”។

ប៉ុន្តែយ៉ាងណាក៏ដោយ លោកប្រធាន ក៏បានជំរុញថ្នាក់ដឹកនាំមូលដ្ឋានឱ្យយកចិត្តទុកដាក់ ខិតខំពង្រឹងការងារដឹកនាំថ្នាក់មូលដ្ឋាន ច្បាមយកសម្លេងគាំទ្រពីប្រជាពលរដ្ឋឱ្យបានប្រសើរឡើងបន្ថែមទៀត តាមរយៈការចុះជួបប្រជាពលរដ្ឋឲ្យបានជាប្រចាំ ស្វែងយល់ពីកង្វះខាតនិងតម្រូវការចាំបាច់ ដោះស្រាយជាបន្ទាន់ឆ្លើយតបនិងសេចក្តីត្រូវការរបស់ពួកគាត់ ទៅតាម លទ្ធភាពដែលខ្លួនមាន៕

0205161 0205162 0205163

មតិយោបល់