ព័ត៌មានជាតិ

តុលាការសម្រេចចោទប្រកាន់គូស្នេហ៍មួយគូ ពួនក្នុងរោងចំការស្វាយរៀបចំចែកចាយគ្រឿងញៀន

កណ្តាល: នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល បានសម្រេចធ្វើការចោទប្រកាន់ គូស្នេហ៍មួយគូពួនក្នុងរោងចំការស្វាយរៀបចំចែកចាយគ្រឿងញៀន ក្រោមបទចោទ” ជួញដូរនូវសារធាតុញៀនដោយខុសច្បាប់” តាមបញ្ញាត្តិមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

លោកព្រះរាជអាជ្ញាររងបានបញ្ជាក់ថា: សំណុំរឿងបានបញ្ជូនទៅឲ្យលោកចៅក្រមស៊ើបសួរចាត់ការបន្តរនីតីវិធី។ នៅដំណាក់កាលនេះចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនឬមិនឃុំខ្លួនជនត្រូវចោទ ប៉ុន្តែបទល្មើសគ្រឿងញៀនភាគច្រើនចៅក្រមស៊ើបសួរនិងសម្រេចឃុំខ្លួន។

សូមរំលឹកថា គូស្នេហ៍វ័យក្មេងមួយគូ បានត្រូវសមត្ថកិច្ចស្រុកកៀនស្វាយក្របួចជាប់ ខណៈសម្ងំពួនក្នុងចំការស្វាយ រៀបចំចែកចាយគ្រឿងញៀន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧នៅចំណុចកើតហេតុ ក្នុងចំការស្វាយស្ថិតនៅ ភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

នគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា: ជនសង្ស័យមានគ្នា២នាក់ ទី១.ឈ្មោះអឿន សុីណាត់ ភេទប្រុសអាយុ ២២ឆ្នាំ(ខ្មែរ) មុខរបរកម្មករសំណង់មានទីលំនៅ ភូមិចន្លក់ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ទី២.ឈ្មោះ គុណ ឈុនណែត ភេទស្រី អាយុ១៩ឆ្នាំ(ខ្មែរ) មុខរបរនៅផ្ទះ មានទីលំនៅភូមិកោះបៀ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ វត្ថុតាងចាប់យករួមមាន ម្សៅក្រាមថ្លាពណ៌ស សង្ស័យសារធាតុញៀន១កញ្ចប់តូច, ទូរសព្ទ័ដៃចំនួន២គ្រឿង ១គ្រឿងម៉ាកខេមហ្វូន ពណ៌ទឹកមាសបែកអេក្រង់ និងម៉ាកអុិនចុចពិល ពណ៌ខៀវ១គ្រឿង, ដាវកែច្នៃចំនួន២ដើម , សម្ភារៈប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួន, ដែកកេះហ្គាសចំនួនមួយពណ៌ទឹកក្រូច៕

មតិយោបល់