ព្រៃវែងៈ លោកអធិការស្រុកពាមរក៏ បានប្រាប់Post News ថា មានករណីបុរសម្នាក់ ត្រូវឆក់ខ្សែភ្លើង បណ្តាលឲ្យស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចផ្ទះឈ្មោះ លី ហេង ស្ថិតនៅភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៏ ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ ផុល ស៊ីថា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មករសំណង់ស្នាក់នៅភូមិវល្ល័យៀវ ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។
លោកអធិការស្រុកពាមរក៏ បានបញ្ជាក់ពីមូលហេតុ ជនរងគ្រោះទទួលធុងជ័រដៃដែកដែលមានកំបោរស៊ីម៉ង់ត៍យោងខ្សែកាបពីដីទៅកាន់ជាន់ទី១ កម្ពស់៥ម៉ែត្រ ដោយប្រើម៉ូទ័រចរន្តអគ្គិសនីហើយត្រូវឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆក់ស្លាប់តែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ រួចប្រគល់សាកសពជូនប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់