រុស្ស៊ីៈ រដ្ឋមន្ត្រីការបរទេសវិមានក្រឹមទ្បាំងលោក Sergey Lavrov បានច្រានចោលការអំពាវនាវរបស់អាម៉េរិក ជុំវិញការជំរុញឲ្យប្រទេសទាំងអស់ កាត់ផ្ដាច់ទំនាក់ទំនង ជាមួយកូរ៉េខាងជើង បន្ទាប់ពីក្រុងព្យុងយ៉ាង បានបាញ់សាកល្បងមីស៊ីលផ្លោង ដ៏មានសក្ដានុពលរបស់ខ្លួន កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧។
ថ្លែងប្រាប់ក្រុមអ្នកកាសែត នៅរដ្ឋធានីម៉ិកស៊ិក លោក Lavrov បាននិយាយថា «ជារឿងអវិជ្ជមានមួយ ដែលក្រុងវ៉ាស៊ីនតោន តម្រូវឲ្យមានការកាត់ផ្ដាច់ទំនាក់ទំនង ជាមួយក្រុងព្យុងយ៉ាង»។
ខណៈដែលឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Nikki Haley កាលពីថ្ងៃពុធ បានអំពាវនាវឲ្យគ្រប់បណ្ដាប្រទេសទាំងអស់ កាត់ផ្តាច់ទំនាក់ទំនង ជាមួយកូរ៉េខាងជើង ក្នុងនោះរួមមានទាំងទំនាក់ទំនងពាណិជ្ជកម្ម និងការបណ្តេញកម្មករកូរ៉េខាងជើងផងដែរ។
សូមជំរាបថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ បានប្ដេជ្ញាថ្កោលទោស និងដាក់ទណ្ឌកម្មបន្ថែមទៀត ទៅលើកូរ៉េខាងជើង បន្ទាប់ពីរបបមួយនេះ បានបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ដែលសមត្ថភាព អាចវាយប្រហារដល់ទីក្រុងវ៉ាស៊ីនតោន៕




មតិយោបល់