ព័ត៌មានជាតិ

ស្ដ្រីវ័យចំណាស់ម្នាក់ បន្លំលួចសម្ភារក្នុងផ្សារឡាក់គី ត្រូវបានចាប់ឃាត់ខ្លួនឲ្យសមត្ថកិច្ច

ភ្នំពេញ: ស្ត្រីវ័យចំណាស់ម្នាក់ ត្រូវអាជីវករ និងសន្តិសុខ ឃាត់ខ្លួនភ្លាមៗ ប្រគល់ឲ្យកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ទឹកថ្លា ធ្វើការសួរនាំ បន្ទាប់ពីស្ត្រីនេះ បានចូលទៅបន្លំលួចសម្ភាររបស់ជនរងគ្រោះ ដែលកំពុងឈរលក់ដូរក្នុងផ្សារឡាក់គី ទើបបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៖៣០នាទី រសៀលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចក្នុងផ្សារឡាក់គី ផ្លូវបេតុង ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

នាយនគរបាលប៉ុស្ដិ៍ទឹកថ្លា លោក សុខ សុផល បានឲ្យដឹងថា យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះ បូករួមទាំងចម្លើយសារភាពរបស់ស្ត្រីជាជនសង្ស័យ នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងឈរលក់ដូរនៅក្នុងផ្សារឡាក់គី ស្ថិតក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ខណ:នោះ ស្ត្រីជាជនសង្ស័យបានដើរចូលមកបន្លំធ្វើជារកមើលដើរទិញអីវ៉ាន់ផ្សេងៗនៅក្នុងផ្សារ រួចក៏ធ្វើសកម្មភាពលួចសម្ភាររបស់ជនរងគ្រោះលាក់ដាក់ចូលក្នុងខោបម្រុងរត់គេចខ្លួន ស្រាប់តែត្រូវជនរងគ្រោះដេញតាមពីក្រោយ ស្រែកផ្អើលឆោរឡោ ដើម្បីឲ្យសន្តិសុខជួយឃាត់ខ្លួនស្ត្រីជាជនសង្ស័យបានភ្លាមៗ ដោយរកឃើញដកហូតវត្ថុតាង រួមមាន ប្រហិតត្រីចំនួន៦កញ្ចប់ ចំណីសត្វចំនួន៥កញ្ចប់ ត្រីសាមុនចំនួន២ចាន ទឹកត្រចៀកកម្មចំនួន១ប្រអប់ និងទូរស័ព្ទណូគារអ៊ិនចុចពិលចំនួន១ផងដែរ។

លោក សុខ សុផល បានឲ្យដឹងទៀតថា ស្ត្រីត្រូវសង្ស័យឃាត់ខ្លួនឈ្មោះ ស៊ាវ ម៉ី អាយុ៥៩ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះឈ្មោះ ឆន ប៊ុនធឿន ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរជាបុគ្គលិកផ្សារឡាក់គី ស្នាក់នៅផ្ទះសង់ថ្មី សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមបញ្ជាក់ ស្ត្រីត្រូវជាប់សង្ស័យ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ទឹកថ្លា ធ្វើការបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធី។ ដោយឡែក ចំពោះសម្ភារមួយចំនួនខាងលើដែលបានរកឃើញដកហូតពីស្ត្រីសង្ស័យ ត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានប្រគល់ជូនជនរងគ្រោះវិញផងដែរ៕

photo_2016-06-08_13-29-50

photo_2016-06-08_13-29-52

photo_2016-06-08_13-29-55

photo_2016-06-08_13-29-58

មតិយោបល់