ភ្នំពេញៈ សាលារាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរផ្លូវគោក ស្របពេលពេលដែលបញ្ហាកកស្ទះចរាចរណ៍នៅរាជធានីភ្នំពេញ កំពុងកើតមាន និងស្មុកស្មាញនៅពេលការអនុវត្តន៍ច្បាប់នៅធូរលុង អ្នកបើកបរមួយចំនួន ហាក់មិនបានចាប់អារម្មណ៍ពីការគោរពច្បាប់នោះ។
អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានថ្លែងថា ល្មមដល់ពេលត្រូវរៀបចំផែនការអនុវត្តតាមការណែនាំ ជៀសវាងការនិយាយដដែលៗ មិនឃើញចេញលទ្ធផល។ ឆ្លើយតបទៅនឹងការដោះស្រាយបញ្ហានេះ សាលារាជធានីភ្នំពេញ បានអនុវត្តវិធានការជាច្រើនដូចជាការស្ថាបនាផ្លូវ ពង្រីកផ្លូវ ដាក់របាំងចែកទ្រូងផ្លូវ គំនូសសញ្ញា ស្លាកសញ្ញា ភ្លើងសញ្ញាចរាចរណ៍ រួមទាំងវិធានការអប់រំច្បាប់ចរាចរណ៍ ដោយមានការចូលរួមពីអង្គការក្រៅរដ្ឋាភិបាល ពិសេសអង្គការ JICA ជប៉ុន សំដៅធ្វើឲ្យប្រសើរឡើងការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។
ទោះបីយ៉ាងណា ចំណុចអវិជ្ជមាននៅតែមាន ក្នុងនោះ គេនៅតែសង្កេតឃើញរថយន្តធុនធំដឹកធ្ងន់ៗចូលក្រុងនៅតែមានបង្កឲ្យបាត់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងទីក្រុង ដែលប្រជាពលរដ្ឋសំណូមពរឲ្យចាត់វិធានការចំពោះរថយន្តធំដឹកធ្ងន់ចូលក្រុងឲ្យមានប្រសិទ្ធភាព។
សមត្ថកិច្ចនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះរថយន្តក្រឡុកស៊ីម៉ង់ត៍ បច្ចុប្បន្ននេះក៏បង្កការលំបាកខ្លាំងណាស់ដែរ ដែលធ្វើឲ្យស្ទះចរាចរណ៍។ ក្រៅពីនេះ ក៏នៅមានរថយន្តដឹកដី ដឹកខ្សាច់ រថយន្តកុងតឺន័រ ដាក់ស្លាកលេខ ខ.ម រួមទាំងវប្បធម៌អន្តរាគមន៏នៅតែមាន បង្កការលំបាកដល់សមត្ថកិច្ចក្នុងការអនុវត្តច្បាប់។ តែទោះបីយ៉ាងណាក៏ដោយ ជារួមយើងទទួលបានលទ្ធផលល្អប្រសើរក្នុងពេលដែលច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដាក់ឲ្យអនុវត្តជាផ្លូវការចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦មក៕
មតិយោបល់